(ភ្នំពេញ)៖ បើទោះជារាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានកំណត់ឲ្យក្រុមហ៊ុនផលិត និងនាំចូលបារី ត្រូវដាក់រូបភាព ជាសារព្រមានធ្ងន់ៗ នៅលើកញ្ចប់បារី​ ហើយព្រមានផាកពិន័យក៏ដោយ ប៉ុន្ដែក្រុមហ៊ុនផលិតបារី និងនាំចូលបារី នៅតែគគ្លើនជាមួយ រាជរដ្ឋាភិបាល ដោយមិនបានអនុវត្តតាមការណែនាំនោះឡើយ ប្រហែលជាក្រុមហ៊ុនទាំងនោះគិតថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ជាក្រដាសសធម្មតាហើយមើលទៅ។

ការដាក់កំហឹតរបស់រាជរដ្ឋាភិបាល តម្រូវឲ្យក្រុមហ៊ុនលក់ និងចែកចាយបារីនៅកម្ពុជា បោះពុម្ពសារព្រមាន និងអក្សជាភាសារខ្មែរ​ នៅលើកញ្ចប់បារី ៥៥ភាគរយ​ ចាប់ពីដើមចុងខែកក្កដា ឆ្នាំ២០១៦ តទៅ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៦ ពោលគឺមាន រយៈពេលជាង១ខែហើយ ក្រុមហ៊ុនទាំងអស់នោះ មិនបានអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា​នោះទេ ដោយលើកញ្ចប់បារី នៅរក្សាស្ថានភាពដដែល។

ជាមួយគ្នានោះដែរ អ្នកជក់បារីដែលតែងតែទិញបារី ជារៀងរាល់ថ្ងៃបានបញ្ជាក់ថា រាល់ថ្ងៃពួកគាត់មិនដែលឃើញសារព្រមាន ជារូបភាពនោះទេ តាំងពីដើមមកហើយ គឺមានតែអក្សរ២ជួរតែប៉ុណ្ណោះ ដោយដាក់ថា «ជក់បារីនាំឲ្យខូចសុខភាព និងជក់បារីនា ឲ្យពុកធ្មេញ»។​

លោក ចិន្តា​ ដែលចូលចិត្តជក់បារី ដោយមួយថ្ងៃចំណាយប្រាក់ទិញបារីប្រហែល២កញ្ចប់ បានឲ្យដឹងថា តាំងពីមុខខែកក្កដា រហូតមកដល់ ខែកញ្ញានេះ លោកទិញបារីរហូត ប៉ុន្តែនៅលើកញ្ចប់បារី មិនមានផ្លាស់ប្តូរនោះឡើយ។

លោក មួន បូនិច្ច មន្ត្រីទំនាក់ទំនងសាធារណៈ នៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងប្រាប់ Fresh News ថា លោកសង្កេតឃើញថា ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនចែកចាយបារីនៅកម្ពុជា មិនបានអនុវត្តន៍ពេញលេញ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឡើយ។

លោកបន្តថា មើលឃើញថា នៅកន្លែងលក់បារី តូបលក់បារី លើកញ្ចប់បារី នៅតែលក់កញ្ចប់ចាស់ដដែល មិនអ្វីប្រែប្រួលនោះទេ។

ដូចគ្នានឹងលោក មួន បូនិច្ច ផងដែរ លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា លោកសង្កេតឃើញក្រុមនាំចូលបារី និងក្រុមផលិតបារីនៅកម្ពុជា បានចាប់ផ្តើមអនុវត្តន៍គោលការណ៍របស់រាជរដ្ឋាភិបាល ប៉ុន្តែការអនុវត្តន៍មិនបានពេញលេញនៅឡើយទេ។

លោកសង្ឃឹមថា ប្រសិនក្រុមហ៊ុនផលិត និងចែកចាយបារី នៅតែមិនអនុវត្តន៍ទៀត ក្រសួងសុខាភិិបាល និងសហការជាមួយសមត្ថកិច្ចធ្វើការផាកពិន័យ ក្រុមហ៊ុនទាំងនោះ ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។​

យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងម៉ឹងម៉ាត់ថា ចាប់ពីចុងខែកក្កដា ឆ្នាំ២០១៦​ គ្រប់ក្រុមហ៊ុនផលិត និងនាំចូលបារី ក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបោះពុម្ពកញ្ចប់បារី ដាក់នូវសារ​ព្រមានសុខភាពទំហំ៥៥ភាគរយ ជារូបភាព និងអក្សខ្មែរ នៅផ្នែកខាងលើ នៃកញ្ចប់ ផលិតផលថ្នាំជក់ទាំងអស់។

បន្ថែមពីនេះ​ ​អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ចាប់ពីក្រោយខែកក្កដា ឆ្នាំ២០១៦ទៅ ប្រសិនបើបុគ្គលណា ដែលល្មើសនឹង ទទួលពិន័យ សម្រាប់ឧស្សាហករ អ្នកនាំចូលដែលអត់បានបោះពុម្ពសារព្រមានត្រូវផាក់ពិន័យ ៤,០០០,០០០រៀល អ្នកចែកចាយពិន័យ ២,០០០,០០០រៀល និងអ្នកលក់វិញ ត្រូវផាក់ពិន័យ ១០,០០០រៀល។

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលបានកំណត់ដែរថា សម្រាប់អ្នកជក់បារីនៅកន្លែងហាមឃាត់ នឹងពិន័យពីរម៉ឺនរៀល ខណៈដែលម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ដែលមិនព្រមបិទស្លាក់សញ្ញាហាមជក់បារី ហើយដាក់ចានគោះបារី ឲ្យភ្ញៀវ នឹងត្រូវពិន័យ៥ម៉ឺនរៀល។

ប្រទេសជាច្រើនក្នុងតំប់អាស៊ាន ផាកពិន័យទឹកប្រាក់យ៉ាងច្រើន សម្រាប់អ្នក​ជក់បារី នៅតាមទីហាមឃាត់ ដូចជាប្រទេសម៉ាឡេស៊ី ពិន័យជាប្រាក់ចំនួន ៣,០៣០ដុល្លារ ប្រទេសឥណ្ឌូនេស៊ី ៥,៥៨៧ដុល្លារ ប្រទេសប្រ៊ុយណេ ៧៩០.៧៤ដុល្លារ ប្រទេសសឹង្ហបុរី ៧៥៦ដុល្លារ ប្រទេសមីយ៉ាន់ម៉ា ១៥៧ដុល្លារ ទៅ៧៨០ដុល្លារ ប្រទេសហ្វីលីពីន១១ដុល្លារទៅ ២៥៧ដុល្លារ ប្រទេសថៃ៦ដុល្លារ ទៅ៦៥ដុល្លារ និងប្រទេសវៀតណាម ៤ដុល្លារ ទៅ ១៤ដុល្លារ។

ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋទូទាំងពិភពលោក ប្រមាណ៦លាននាក់ បានស្លាប់ដោយសារជក់ និងស្រូបផ្សែងបារី៕