(ហុងកុង)៖ អ្នកបើករថយន្តដឹកទំនិញម្នាក់បានរងរបួសក្បាល បន្ទាប់ពីរថយន្តធុនតូចនោះបានទៅបុក យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Dragonair នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងហុងកុង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The Straits Time នៅរសៀលថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០១៦។

សារព័ត៌មានខាងលើបានឲ្យដឹងទៀតថា គ្រោះថ្នាក់ដ៏កម្រនេះ បានកើតឡើងនៅ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៤៖០០នាទីរសៀល ខណៈពេលដែលជើងហោះហើរ KA691 ត្រៀមចេញដំណើរទៅ រដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី។

យន្តហោះ Airbus A330 បានកំពុងតែឆ្ពោះទៅកាន់ ផ្លូវហោះហើរដោយសន្សឹមៗ ហើយនៅពេលនោះ​ រថយន្តដឹកទំនិញ ក្នុងព្រលានយន្តហោះមួយគ្រឿង បានមុជចូលក្រោមយន្តហោះ សំដៅទៅបុកម៉ាស៊ីន របស់វា ក្រោយមករថយន្តដែល ជាកម្មសិទ្ធិរបស់ China Aircraft Service ក៏បានជាប់នៅក្រោមម៉ាស៊ីន ខាងឆ្វេងរបស់យន្តហោះនោះ និងបានបណ្តាល ឲ្យបុរសជាអ្នកបើករថយន្ត រងរបួសក្បាលនិងស្មា។ សំណាងល្អ អ្នកបើករថយន្តនោះ នៅមានស្មារតីជាធម្មតា នៅពេលដែលត្រូវបានគេជួយសង្រ្គោះ ហើយបានបញ្ជូនទៅមន្ទីរពេទ្យ North Lantau Hospital។

គួរបញ្ជាក់ថា ពេលគ្រោះថ្នាក់នេះកើតឡើងភ្លាម រថយន្តអគ្គីភ័យចំនួន ០៥គ្រឿង និងរថយន្តសង្រ្គោះបន្ទាន់ ចំនួន២គ្រឿង បានទៅដល់កន្លែងកើតហេតុ ហើយអ្នកដំណើរលើយន្តហោះចំនួន២៩៥នាក់ ត្រូវបាន ប្រាប់ឲ្យចាកចេញពី ក្នុងយន្តហោះជាបណ្តោះអាសន្ន។ នៅប៉ុន្មានម៉ោងក្រោយមកជើងហោះនេះ ត្រូវបានដាក់ឲ្យបន្តដំណើរឡើងវិញ ដោយចាកចេញពីព្រលានយន្តហោះ នៅម៉ោង៧៖៤៤យប់៕