(ភ្នំពេញ)៖ ដើម្បីតបស្នងសងគុណបំណាច់ មិនអាចកាត់ថ្លៃរបស់វីរៈយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់បម្រើជាតិមាតុភូមិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីត យុទ្ធជនកម្ពុជារាជធានីតំណាង លោក ជួន សុវណ្ណ ជាប្រធាន និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ទៅប្រគល់ជូនគ្រួសារ អតីតយុទ្ធជនគឺលោកយាយ យ៉ង់ យាត់ អាយុ៨០ឆ្នាំ ដោយទទួលបន្ទុកចិញ្ចឹមកូនបង្កើត ៥នាក់បន្ថែមទៀត។

នៅចំពោះមុខលោក សន សុផល លោកយាយ យ៉ង់ យ៉ាត បានរៀបរាប់ថា គាត់មានកូនឈ្មោះ ប៉ូ ឌីណន បានពលីរាងកាយ ក្នុងសមរភូមិ និងម្នាក់ទៀតឈ្មោះ ប៉ូ រ៉ងឌី ក្លាយជាជនពិការ។ លោកយាយបន្តថា គាត់មានសមាជិកគ្រួសារ ១៥នាក់ក្នុងបន្ទុក ហើយបច្ចប្បន្ននេះ គាត់ជាចាស់ជរាពិការរស់នៅ ជាមួយកូនពិការជើង មានជីវភាពក្រីក្រ មិនមានផ្ទះសំបែងរស់នៅមិនសមរម្យទេ សព្វថ្ងៃគាត់រស់នៅលើដី របស់ក្រុមហ៊ុន និងមិនដឹងថាត្រូវក្រុមហ៊ុន ដេញចេញពេលណានោះដែរ។

លោក សន សុផល បញ្ជាក់ថា លោកយាយ យ៉ង់ យ៉ាត សព្វថ្ងៃរស់នៅក្នុងភូមិយកបាត្រ ឃុំក្បាកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក សន សុផល បានបន្តថា អំណោយដែលនាំយកមកផ្តល់ជូន លោកយាយដោយផ្ទាល់ នាពេលនេះរួមមាន៖ អង្ករចំនួន១០០គីឡូក្រាម, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ ២យួរ និងថវិកា២០ម៉ឺនរៀល។

ថ្វីត្បិតតែអំណោយ ទាំងនេះមិនបានសមប្រកប ទៅតាមនឹងគុណបំណាច់ របស់គ្រួសារ លោកយាយមែន តែបានជួយសម្រាល ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បានមួយរយៈពេល ហើយយ៉ាងណាក៏ដោយ លោកក្នុងនាមប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ឋជន លោកនឹងខិតខំ គៀងគរស្វែងរកជំនួយពីសប្បុរសជន បន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាល ការលំបាកដល់គ្រួសារ លោកយាយបន្តទៀត៕