(ភ្នំពេញ)៖ បុរសជាបងថ្លៃម្នាក់បានរត់គេចខ្លួនបាត់ បន្ទាប់ពីទៅឃាត់ប្អូនថ្លៃ ដែលកំពុងកើតជម្លោះជាមួយប្រពន្ធ ហើយក៏ជ្រុលដៃវាយ និងរុញប្អូនថ្លៃដួលធ្លាក់ពីលើផ្ទះ ចុះមកក្រោមកម្ពស់ជិត៣ម៉ែត្រ បណ្ដាលបែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ក្រោយគ្រូរពេទ្យមកពិនិត្យដល់ផ្ទះ។

ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៣ ផ្លូវទន្លេសាប ក្រុម៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឡុក ឡង់ឌី អាយុ៥១ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មានមុខរបរនៅផ្ទះ រស់នៅជាមួយប្រពន្ធឈ្មោះ លី លីហ្សា និងមានកូនស្រី៣នាក់ក្នុងបន្ទុក។

រីឯជនបង្កត្រូវជាបងថ្លៃមានឈ្មោះ វេង សម្បត្តិ ហៅលី អាយុ៤៧ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ រស់នៅជាមួយប្រពន្ធឈ្មោះ លី ស្រីម៉ៅ អាយុ៥៣ឆ្នាំ និងមានកូន៣នាក់ក្នុងបន្ទុក ព្រមទាំងស្នាក់នៅផ្ទះក្បែរគ្នា។ ប្រពន្ធ ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់ និងប្ដីបានឈ្លោះប្រកែកគ្នាស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ក៏ត្រូវគ្នាវិញ។ នៅយប់កើតហេតុ ខណៈដែលប្ដីប្រពន្ធគាត់ទាំង២នាក់ កំពុងតែប្រឈមដាក់គ្នា នៅលើផ្ទះក្បែរបង្កាន់ដៃកាំជណ្ដើរនោះ ស្រាប់តែបុរសជាបងថ្លៃ បានមកជួយចាប់ឃាត់ក្នុងបំណង បំបែកចេញដើម្បីកុំឲ្យឈ្លោះប្រកែកគ្នា និងបានជ្រុលដៃវាយប្ដីរបស់គាត់មួយដៃ ព្រមទាំងច្រានបណ្ដាលឲ្យដួលធ្លាក់ពីលើផ្ទះកម្ពស់ជិត៣ម៉ែត្រ ចុះមកក្រោមដល់ដីបុកត្រូវគម្របលូ២ផ្ទាំង រងរបួសបែកក្បាលហូរឈាមយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីកើតហេតុ បងថ្លៃដែលជាអ្នកបង្កបាន រត់គេចខ្លួនបាត់ទៅហើយ ទើបគាត់សម្រេចចិត្តហៅគ្រូរពេទ្យដែលនៅជិតបំផុត ដើម្បីមកពិនិត្យព្យាបាលប្ ដីរបស់គាត់នៅផ្ទះ ប៉ុន្តែលទ្ធផលត្រូវគ្រូពេទ្យបានប្រាប់ថា មិនមានសង្ឃឹមឡើយ គួរទុកលុយ សម្រាប់ធ្វើបុណ្យល្អជាង ហើយគាត់ក៏មកដាក់ពាក្យបណ្ដឹង ដើម្បីសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ជួយអន្តរាគមន៍រកយុត្តិធម៌ សម្រាប់ក្រុមគ្រួសារគាត់ផង៕