(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញលិខិតចំហរមួយជុំវិញចំណាត់ការរបស់ តុលាការ លើសំណុំរឿងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ, ដោយនៅក្នុងលិខិតចំហរនោះបានបញ្ជាក់ថា ចំពោះរឿងលោក កឹម សុខា គឺជារឿងបុគ្គលមិនមែនរឿងបក្ស ហើយវាជារឿងច្បាប់ មិនមែនរឿងនយោបាយនោះទេ ហើយចំណាត់ការរបស់តុលាការនៅថ្ងៃនេះ គឺជាការបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាការអនុវត្តច្បាប់ ដែលជាផ្នែកមួយនៃនីតិរដ្ឋ។

លិខិតចំហររបស់លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យបានរៀបរាប់នឹងបញ្ជាក់ខ្លឹមសារយ៉ាងដូច្នេះថា៖

* ចំណាត់ការរបស់តុលាការនៅថ្ងៃនេះ គឺជាការបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាការអនុវត្តច្បាប់ ដែលជាផ្នែកមួយនៃនីតិរដ្ឋ

* ចំពោះរឿងលោក កឹម សុខា គឺជារឿងបុគ្គលមិនមែនរឿងបក្ស ហើយវាជារឿងច្បាប់ មិនមែនរឿងនយោបាយនោះទេ។ ហើយបើប្រជាពលរដ្ឋពិនិត្យរឿងហេតុ ពីដើមលោក កឹម សុខា ជាប់ពាក់ព័ន្ធរឿក្តីនៅតុលាការ ក៏ដោយសាររឿងផ្ទាល់ខ្លួនរបស់គាត់ មិនមែនរឿងពាក់ព័ន្ធសកម្មភាពដឹកនាំគណបក្សនោះទេ ហើយវាជារឿង គាត់ប្រឆាំងការអនុវត្តច្បាប់ មិនមែនរឿងគាត់សំដែងមតិ ឬគាត់និយាយពីរឿងនយោបាយឡើយ។

* យើងឃើញហើយតុលាការបានចេញសាលក្រមតាមផ្លូវច្បាប់រួចហើយ ហើយក៏មិនទាន់មានការចាប់ខ្លួន លោក កឹម សុខា ទេមកដល់ពេលនេះ ដូច្នេះកន្លងមក បក្សប្រឆាំងដែលបានព្យាយាមឃោសនា រឿងបុគ្គលផ្ទាល់ខ្លួន និងរឿងអនុវត្តច្បាប់ឲ្យទៅជារឿងគណបក្ស និងរឿងនយោបាយ ហើយឃោសនាបំភាន់ប្រជាពលរដ្ឋថា មានការចាប់ខ្លួន ដោយធ្វើជាមិនយល់អំពីច្បាប់ គឺក្នុងគោលបំណងដើម្បីអូសទាញប្រជាពលរដ្ឋស្លូតត្រង់ ធ្វើតាមគំនិតទុច្ចរិតដែលខ្លួនចង់បានតែប៉ុណ្ណោះ ។

* សិទ្ធិនយោបាយត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយពាក់ព័ន្ធនឹងការបោះឆ្នោត។ ការអនុវត្តច្បាប់គឺត្រូវបានធានាក្នុងក្របខ័ណ្ឌ ស្នើភាពគ្នាចំពោះមុខច្បាប់ ហេតុជនណាក៏ដោយដែលស្ថិតក្នុងលក្ខខ័ណ្ឌហាមឃាត់ដោយច្បាប់គឺត្រូវជាប់កាព្វកិច្ចនេះ មិនថាឡើយជននោះជាថ្នាក់ដឹកនាំគណបក្ស ឬជាសកម្មជន ឬជាពលរដ្ឋសាមញ្ញទូទៅនោះទេ។ ករណីលោក កឹម សុខា គឺគាត់បង្កើតរឿងប្រឆាំងនឹងច្បាប់ដោយខ្លួនឯង ហេតុនេះតុលាការគ្រាន់តែបំពេញភារកិច្ច ចំពោះបុគ្គលដែលប្រឆាំងនឹងច្បាប់តែប៉ុណ្ណោះ ។

* សូមអរគុណដល់អាជ្ញាធរដែលបានធានាអោយស្ថាប័នតុលាការមានដំណើរការទៅមុខចប់សព្វគ្រប់ និងធានាបានសន្តាប់ធ្នាប់សាធារណៈ។ យើងឃើញថា បើទោះ ជាគណបក្សប្រឆាំងរៀបចំអោយមានការប្រមូលផ្តុំប្រជាពលរដ្ឋស្លូតត្រង់ ដោយយកមកធ្វើជាខែលប្រឆាំងនឹងការអនុវត្តច្បាប់ ដែលនេះជាអំពើខុសច្បាប់នោះ យ៉ាងណាក៏ដោយ កឺអាជ្ញាធរបានប្រើប្រាស់សិទ្ធិដែលធានា ដោយច្បាប់របស់ខ្លួន ក្នុងការប្រមូលកម្លាំងដើម្បីបំពេញភារកិច្ច ក្នុងការធានា សណ្តាប់ធ្នាប់ជូនប្រជាជន និងធានាអោយតុលាការអាចដំណើរការតាមនីតិវិធី ដើម្បីធានាការអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ ដែលជាស្នូលនៃ លទ្ធិប្រជាធិបតេយ្យសេរី។

សូមជំរាបថា នៅវេលាម៉ោងប្រមាណ ២៖១៥នាទីរសៀលថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាផ្តន្ទាទោសលោក​ កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ រឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ ចៅក្រម កែវ មុនី បានប្រកាសថា សាលក្រមនេះ​ ប្រកាសចាត់ទុកជាចំពោះមុខ៕