(កណ្តាល)៖ ក្រុមកម្មសិក្សាវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់អង្គរធំ នៃសាលាភូមិន្ទរដ្ឋបាល បាននាំយកអំណោយមួយចំនួន ទៅចែកជូនកុមារកំព្រា ស្ថិតនៅ នៅអង្គការការអភិវឌ្ឍន៍កុមារ នៅឃុំសិតត្បូ ស្រុកស្អាង ខេត្តកណ្តាល ក្រោមប្រធានបទ «កម្លាំងសាមគ្គីមនុស្សធម៌ និងបំណិនជីវិត» នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរពីលោកគ្រូ ស្រ៊ាង ផានិត លោកគ្រូ ផូ មុនីន ព្រមទាំងមន្រ្តីអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។

ក្រុមកម្មសិក្សាវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់អង្គរធំបានលើកឡើងថា «ដោយសារទឹកចិត្តស្រឡាញ់ និងអាណិតដល់ប្អូនៗកុមារ ហើយចង់ជួយចែករំលែកការលំបាក ក៏ដូចជារួមចំណែកក្នុងការធ្វើឲ្យជីវភាព ប្អូនៗមានភាពប្រសើរឡើង ជាមួយនឹងគោល បំណងចង់ស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងរកដំណោះស្រាយក្នុងមួយចំណែកណាមួយនោះ ទើបយើង សម្រេចចិត្តចុះទៅជួយដល់មណ្ឌលកុមារនេះ»

ពួកគេបានបន្តថា  ម៉្យាងទៀតយើងបានដឹងថាអង្គការនេះ នឹងធ្វើការផ្លាស់ប្តូរលំនៅដ្ឋានរបស់ខ្លួន ពីកៀនឃ្លាំង ខណ្ឌ ជ្រោយចង្វារ ទៅកាន់ស្រុកស្អាង ខេត្តកណ្តាល ដែលនេះជាឱកាសដែលយើងអាចចូលរួមចំណែក កសាងទីតំាងថ្មីប្រកប ដោយបរិស្ថាន ល្អ និងអ្វីមួយដែលអង្គការអាចទាញយកប្រយោជន៍បាន ដោយមិនបាច់ពឹងផ្អែកទាំងស្រុងតែ លើថវិកា សប្បុរសជននោះទេ។

ជាមួយគ្នានេះ ក្រុមកម្មសិក្សាការីបានសាងសង់ស្រះចិញ្ចឹមត្រី សួនបន្លែ រោងជីកំប៉ុស្តិ៍ និងសួនច្បារដោយផ្ទាល់ដៃ សម្រាប់ ទុកជូនអង្គការ និងកុមារទាញប្រយោជន៍ សំដៅជួយកាត់បន្ថយការចំណាយក្នុងការផ្គត់ផ្គង់អាហារ ជួយផ្តល់ចំណេះដឹងផ្នែក បំណិនជីវិតដល់ប្អូនទុកជាប្រយោជន៍ទៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះ កម្មសិក្សាការីក៏បានរៃអង្គាសថវិកា និងផ្តល់ជាអំណោយ ជាច្រើនដល់មណ្ឌលមានដូចជាអង្ករ២.១២៥ តោន ថ្មម៉ិចចាក់ផ្លូវចូល ស៊ីម៉ង់ត៍ដើម្បីសង់រោងអាហារ និងផ្ទះបាយ លួស សម្រាប់របង ទឹកស៊ីអីវ ទឹកត្រី មីកញ្ចប់ កង់៨គ្រឿង កុំព្យុទ័រ៣គ្រឿង សៀវភៅអាន សៀវភៅសរសេរ ប៊ិច បន្ទាត់ខ្មៅដៃ កូនត្រី ជី គ្រាប់ពូជ កង្ការជាច្រើនគ្រឿង សម្ភារកីឡាជាច្រើនមុខ និងបរិក្ខាផ្សេងៗជាច្រើនទៀត។

ក្រោយមកក្រុមនេះ ក៏បានរួមគ្នារៀបចំ អាហារថ្ងៃត្រង់(នំបញ្ចុកសម្លរខ្មែរ) ជូនប្អូនៗកុមារចំនួន ៤១នាក់ បានបរិភោគយ៉ាង ឆ្ងាញ់ពិសារ ដោយក្តីរីករាយផងដែរ។ សូមបញ្ជាក់ថា កម្មវិធីដែលបានរៀបចំ នឹងគ្រោងអស់រយៈពេលជិត៣ខែ ត្រូវបានចេញ ជារូបរាងនៅថ្ងៃនេះ។ ពួកយើងថ្នាក់អង្គរធំ វេនរសៀលនៃសាលាភូមិន្ទរដ្ឋបាល ពិតជាមានក្តីរីករាយ និងមោទនភាពណាស់៕