(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខកចិត្តចំពោះការចុះផ្សាយ និងផ្សព្វផ្សាយព័ត៌មានដែលថា ព្រះវិហារនៅវត្តគោកត្របែក ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិតិ្តព្រិទ្ធបណ្ឌិត ស្រុតបាក់បែកប្រេះស្រាំ និងញ័ររញ្ជួយ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច មិនហ៊ានចូលទៅធ្វើបុណ្យទាន រីឯក្រុមហ៊ុនម៉ៅការសាងសង់ក៏ហួសចិត្តដែរ ដែលថាព្រះវិហារនេះសាងសង់អស់តែ ៨ម៉ឺនដុល្លារ ស៊ីដាច់លុយសម្តេចតេជោ ៨ម៉ឺនដុល្លារ ដែលតាមការពិតក្រុមហ៊ុនម៉ៅការសាងសង់ បានទទួលថវិកាពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជន តាមរយៈក្រុមការងារស្រុកបារាយណ៍ ដល់ទៅ ២៧ម៉ឺន ២ពាន់ ៥០០ដុល្លារ ដើម្បីសាងសង់សមិទ្ធផលធំៗដូចជា ព្រះវិហារថ្មី និងជួសជុលសាលាឆាន់ (អស់ ១៦ម៉ឺន ៥ពាន់ដុល្លារ) សាងសង់មណ្ឌលសុខភាព០១ខ្នង (អស់០៦ម៉ឺនដុល្លារ) សាលារៀន០១ខ្នងនៅទួលតាមុំ (អស់ ០៤ម៉ឺនដុល្លារ) និងអណ្តូងទឹកស្អាត ០៥កន្លែង (អស់៧ពាន់ ៥រយដុល្លារ ជាថវិការបស់កាកបាតក្រហមកម្ពុជា)។ ម្យ៉ាងក្រុមហ៊នម៉ៅការសាងសង់ក៏បានលើកឡើងថា ការសាងសង់នៅទីនេះ តម្លៃដឹកជញ្ជូនថ្លៃឆ្ងាយដឹកច្រើនដំណាក់ ទាំងផ្លូវគោក និងផ្លូវទឹក។

ការលើកឡើងដូចនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិគោកត្របែក នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបារាយណ៍។

ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យអ្នកផ្សព្វផ្សាយព័ត៌មាននិយាយ និងផ្សព្វផ្សាយតែការពិតកុំបំផ្លើស។ ប្រជាពលរដ្ឋមិនជឿថា មានរឿងកើតឡើងដូចនេះទេ ព្រោះនៅទីនេះក្រៅពីសមិទ្ធផលដែលជាថវិកាផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា សាលារៀន ព្រះវិហារ សាលាឆាន់ អណ្តូងទឹក ក្រុមការងាររបស់គណបក្សប្រជាជន និងសប្បុរសជនក៏បានចូលរួមជាមួយសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កសាងសមិទ្ធផលផ្សេងៗទៀតដូចជា មណ្ឌលសុខភាព០១ខ្នង សាលារៀន០១ខ្នងនៅទួលតាមុំ ជីកស្រះ ធ្វើប្រឡាយដឺកជញ្ជូន ធ្វើអាងទឹក សង់ផ្ទះសំររាប់ចាស់ជរាក្រីក្រ។ល។ ប្រជាពលរដ្ឋបានលើកឡើងថា នៅភូមិគោកត្របែកនេះ គឺមានតែសមិទ្ធផលរបស់គណបក្សប្រជាជនប៉ុណ្ណោះ។

ព្រះតេជគណចៅអធិការវត្ត និងបងប្អូនប្រជាពលរដ្ឋបានសំណូមពរឲ្យមានការនិយាយអ្វីតែពីការពិត។ ព័ត៌មានពិត ត្រឹមត្រូវត្រូវនាំគ្នានិយាយនិងផ្សព្វផ្សាយឲ្យបានច្រើន។ ផ្ទុយទៅវិញព័ត៌មានមិនពិត មួលបង្កាច់ បំផ្លើសបំប៉ោង ត្រវនាំគ្នាចៀសវាង។ ការបំផ្លើសបំប៉ោងមុសា គឺជាឧកាសបើកទ្វារឲ្យពួកឧកាសនិយម វាយលុកយកចំណេញខាងនយោបាយ។ ការអួតអាង ភូតកុហក បំភ្លើសបំប៉ោង មិនមែនជានយោបាយ និងជាប្រពៃណីទំនៀមទំលាប់របស់គណបក្ស ប្រជាជនយើងទេ។ បងប្អូនប្រជាពលរដ្ឋចង់ឲ្យអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើស មានចរិតជាការញុះញុងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

ព្រះតេជគុណចៅអធិការវត្ត និងបងប្អូនប្រជាពលរដ្ឋសូមអរគុណសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីជារៀងរហូត និងសូមអរគុណដល់ក្រុមការងារគណបក្សប្រជាជន។

លោក ថោង ខុន បានណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការជួសជុល បូកលាបកន្លែងប្រេះស្រាំឲ្យបានល្អ ព្រោះថា ដូចអ្វីដែលក្រុមហ៊ុនម៉ៅការសងសង់បានលើកឡើង និងវិស្វករសំណង់បានពិនិត្យអះអាង គីមិនមែនជាការស្រុតគ្រិះទាញឲ្យប្រេះស្រាំស៊ីម៉ង់ត៍ទេ គឺគ្រាន់តែជាការេប្រះស៊ីម៉ង់ត៍បូក តែប៉ុណ្ណោះ។

លោក រដ្ឋមន្ត្រី ថោង ខុន ក៏បាន ណែនាំឲ្យប្រជាពលរដ្ឋថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គ្រប់គ្រងមូលដ្ឋានអោយបានរឹងមាំ និងខិតខំបង្កបង្កើនផល។ ចំពោះដីនៅតំបន់៣ រដ្ឋអំណាចនឹងបន្តពិនិត្យផ្តល់សលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋអាស្រ័យផល។

លោក ថោង ខុន ក៏បានស្នើឲ្យប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីអោយបានគ្រប់ៗគ្នា៕