(ភ្នំពេញ)៖ ក្រុមបាល់ទាត់អាជីពបឹងកេតអង្គរ បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦ នេះ បន្ទាប់ពីបន្ថែម ៣ពិន្ទុនាំមុខគេកំពូលតារាង ជាមួយនឹងការយកឈ្នះប៉ូលិស ២-១ ដែលទើបបញ្ចប់មុននេះនៅស្តាតអូឡាំពិក។

នេះជាលើកទី២ សម្រាប់ក្រុមមកពីខេត្តកំពង់ចាម បឹងកេតអង្គរ ក្រោយពីឈ្នះលើកទី១ កាលពីឆ្នាំ២០១២ នោះ បន្ទាប់ពីចំណាយពេលជាង៦ខែប្រកួតវិលជុំ២ជើងដូរទឹកដីគ្នា។

២គ្រាប់របស់បឹងកេតអង្គរ កើតឡើងនៅនាទីទី៥៣ ធ្វើបានសម្រេចដោយកីឡាករ Bata មុនពេលមិត្តរួមក្រុម សុខ សុវណ្ណ រកបានគ្រាប់ទី២ នៅនាទីទី៧១ និងរបូត១គ្រាប់វិញនៅនាទីទី៨៦ ដោយកីឡាករ Shane។

៣ពិន្ទុបន្ថែម ដើម្បីឲ្យបឹងកេតឈ្នះជើងឯក គឺមានពិន្ទុ៤៧ នាំមុខកំពូលតារាង។

ក្រុមឈ្នះជើងឯក បឹងកេតអង្គរ ទទួលបានមេដាយមាស និងរង្វាន់ទឹកប្រាក់ ៦០លានរៀល លេខ២ ក្រសួងការពារជាតិ ទទួលបានមេដាយប្រាក់ និងរង្វាន់ទឹកប្រាក់ ៤៦លានរៀល ចំណែកអ្នកចាំទីល្អបំផុត អ៊ុ សេរីរ័ត្ន របស់ការពារជាតិ និង ចាន់ វឌ្ឍនាកា ជាអ្នកស៊ុតបញ្ចូលទី២២គ្រាប់ច្រើនជាងគេ៕