(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីចំនួន ០៦នាក់ ពីប្រទេសម៉ាឡេស៊ីមក កាន់ប្រទេសកម្ពុជាវិញ។ នៅក្នុងចំណោម ពលករ-ពលការិនី ០៦នាក់ មាន០៤នាក់ នឹងវិលត្រលប់មក កម្ពុជាជាបន្តបន្ទាប់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

ពលករ-ពលការិនី០៤នាក់ នឹងវិលត្រលប់មកកម្ពុជាជាបន្តបន្ទាប់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦រួមមាន៖

១៖ ពលការិនី ឃាម សំ អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេកគាត់បានស្នើសុំឲ្យស្ថានទូតជួយទាមទារប្រាក់ខែដែលនៅសល់ពីថៅកែ និងជួយឲ្យបានវិលត្រឡប់ មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត ថៅកែបានយល់ព្រមប្រគល់ប្រាក់ចំនួន៩៩៩០ រីងហ្គីត (ប្រាក់ខែ+ថ្លៃសំបុត្រយន្តហោះ) ឲ្យពលការិនី តាមសំណូមពររបស់ស្ថានទូត។ ពលការិនី ឃាម សំ នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង ០៧៖៣៥នាទីព្រឹក តាមជើងយន្តហោះAK536 ។

២៖ ពលការិនី ឃឹម ស្រឿន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោកមេខ្យល់ទៅដល់ម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៥ ដោយធ្វើ ការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ និងពលការិនី គឹម ស្រឿន នឹងមកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ០៧៖៣៥នាទី ព្រឹកតាមជើងយន្តហោះAK536 ។

៣៖ ពលការិនី សុខ ខា អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានជាប់ឃុំនៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី០១ កក្កដា ឆ្នាំ២០១៦ ដោយសារពុំមានលិខិតឆ្លងដែន។ បច្ចុប្បន្ន នាងបានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះ ដល់នាងក្នុងការត្រឡប់មកកម្ពុជាវិញ។ ពលការិនី សុខ ខា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:៥៥ នាទី តាម ជើងយន្តហោះ AK534 ។  

៤៖ ពលករ ហឿន សុខឡា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានជាប់ឃុំនៅពន្ធនាគារ Lenggeng ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលត្រូវបានប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន ដោយសារលិខិតឆ្លងដែនផុតសុពលភាព។ បច្ចុប្បន្នពលករ រូបនេះ បានរួចទោស ហើយស្ថានទូតបានឧបត្ថម្ភសំបុត្រយន្តហោះ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ។ ពលករ ហឿន សុខឡា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ AK534 ។           

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ ពលករ-ពលការិនីចំនួន ២នាក់ មកកាន់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ រួមមាន៖
១៖ ពលការិនី រស់ មិថុនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានចាញ់បោកមេខ្យល់ ធ្វើការងារជាអ្នកបោសសំអាត ក្រោយទៅដល់ម៉ាឡេស៊ី កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ ២០១៥។ ដោយធ្វើការងារលំបាកពេក នាងបានស្នើសុំឲ្យស្ថានទូតជួយឲ្យបាន ត្រឡប់មកកម្ពុជាវិញ។

២៖ ពលការិនី ឯម ស៊ុន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានចាញ់បោកមេខ្យល់ ទៅដល់ម៉ាឡេស៊ីនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ ដោយធ្វើការងារតាមផ្ទះ។ ដោយធ្វើការលំបាកពេក នាងបានស្នើ សុំអោយស្ថានទូតជួយអោយបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនី រស់ មិថុនា និងពលការិនី ឯម ស៊ុន បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ០៧៖៣៥នាទីព្រឹក តាមជើងយន្តហោះAK536៕