(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ន បានជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ជាង២០០នាក់ មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន ៤០លានរៀល ទៅប្រគល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុវជនកម្ពុជា ចំនួន ១០គ្រួសារ។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន និងសមាជិកសមាជិកាគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជនជាច្រើនកុះករ។

លោកឧត្តមសេនីយ៍ត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅទូទាំងខេត្ត មានសមាជិកអតីតយុទ្ធជនសរុប ៤១៧៨នាក់ ក្នុងនោះយុទ្ធជនពិការ ១២៧០នាក់, យោធិនចូលនិវត្តន៍ ៩១៤នាក់, យោធិនបាត់បង់សមត្ថភាព ៦៨នាក់, យោធិនពលី ១៧៥០នាក់ និងយោធិនមរណ: ១៧៦នាក់។ លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ដែលត្រូវមកទទួលប្រាក់បេឡាមរណៈសង្រ្គោះនាពេលនេះ មានចំនួន ១០ គ្រួសារ គឺ គ្រួសារសព ១.ឈ្មោះ ម៉ោល សុខ ជានិវត្តជនប៉ូលីស ទីលំនៅស្រុកកណ្តៀង, ២.ឈ្មោះ អោក សូយ ជានិវត្តជនយោធា ទីលំនៅស្រុកក្រគរ, ៣.ឈ្មោះ ទេព ហៃ ជាពលីយោធា ទីលំនៅក្រុងពោធិ៍សាត់, ៤.ឈ្មោះ ឌុច ស្រីលួន ជាពលីយោធា ទីលំនៅស្រុកភ្នំក្រវាញ, ៥.ឈ្មោះ ប៊ួរ ម៉ប់ ជាពលីយោធា ទីលំនៅស្រុកភ្នំក្រវាញ, ៦.ឈ្មោះ ឡូ ប៊ៀន ជាពលីយោធា ទីលំនៅស្រុកកណ្តៀង, ៧.ឈ្មោះ សួន សង ជានិវត្តជនយោធា ទីលំនៅស្រុកវាលវែង, ៨.ឈ្មោះ សំ សុទ្ធ ជានិវត្តជនប៉ូលីស ទីលំនៅស្រុកភ្នំក្រវាញ, ៩.ឈ្មោះ សុទ្ធ សាំ ជាពិការយោធា ទីលំនៅស្រុកវាលវែង និង១០.ឈ្មោះ ញ៉ែម កង ជានិវត្តជនយោធា ទីលំនៅស្រុកវាលវែង។

មានមតិសំណេះសំណាលជាមួយអតីតយុទ្ធជន លោក ម៉ៅ ធនិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជន និងក្រុមគ្រួសារសពទាំងអស់ ដែលកន្លងមកបានចំណាយសាច់ស្រស់ ឈាមស្រស់ ចំពោះបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានកោតសរសើរ ដល់វីរៈភាពដ៏អង់អាចក្លាហាន ដោយបានលះបង់ នូវកម្លាំងកាយចិត្តក្នុងការ ការពារទឹកដីកន្លងមក។

លោកបានបន្ថែមទៀតថា បើទោះបីជាពេលនោះចប់ភារកិច្ចក្នុងការងារបម្រើជាតិក្តី លោកពូ អ្នកមីញមិនត្រូវអស់សង្ឃឹមឡើយ ព្រោះនៅមានកាតព្វកិច្ចជួយជ្រោមជ្រែង ផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ទៅដល់ក្រុមគ្រួសារ និងយុវជនជំនាន់ក្រោយទៀត។

លោកបានចាត់ឲ្យគណៈកម្មាធិការ សមាគមអតីតយុទ្ធជនតាមបណ្តាក្រុងស្រុក ត្រូវធ្វើការស្រាវជ្រាវ រកអតីតយុទ្ធជនក្រីក្រពិតប្រាកដ ដើម្បីរៀបចំផ្តល់ដីជូន ចំពោះក្រុងពោធិ៍សាត់មានអតីតយុទ្ធជនក្រីក្រ ចំនួន ២៣នាក់រួចហើយ ដែលនឹងត្រូវបានស្រង់ និងរៀបចំផ្តល់ដីជូននាពេលខាងមុខ។

ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់គ្រួសារសព សមាគមទាំង១០គ្រួសារ ត្រូវយកថវិកានេះ ទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ដែលបានចូលរួមជាង ២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម និងសារុង ១។ ដោយឡែកក្រុមគ្រួសារសពអតីតយុទ្ធជន ដែលត្រូវទទួលថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៤លានរៀល អង្ករ ២០គីឡូក្រាម និងសារុង ១ផងដែរ៕