(ភ្នំពេញ)៖ ជនជាតិ​ស្បែក​ខ្មៅ​៩នាក់ ​ដែល​កំពុង​គេច​ខ្លួន​ម្នាក់​និង​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ ​សរុប​១០នាក់​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន ​ជិតមួយ​គីឡូក្រាម​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៥ឆ្នាំ​ដល់​១៣ឆ្នាំ​ ។​

ជនជាតិ​ស្បែក​ខ្មៅ​ទាំង​៨នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ ក្រោយ​អនុវត្ត​ទោស​ចប់​ រីឯ​ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន​ ។

លោក​ ឃី​ ឆៃ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ផ្តន្ទា​ទោស​ក្រុម​ជនជាប់ ចោទ​ទាំង​១០នាក់​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៨០២,៤៤ក្រាម ប្រព្រឹត្តនៅភោជនីយដ្ឋាន KFC សាខាផ្សារសុវណ្ណា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ តាម​មាត្រា ៤០ ច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន។

នៅក្នុងសវនាការ​កន្លង​ទៅ​ជនជាប់ចោទ ជាជនជាតិស្បែកខ្មៅទាំង៨នាក់ បានបដិសេធថា ពួកគេមិនបានដឹងរឿង និងមិនបានធ្វើ សកម្មភាពជួញដូរ គ្រឿងញៀន ដូចការចោទប្រកាន់ របស់តុលាការនោះទេ៕