(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំគណៈកម្មការ អភិវឌ្ឍន៍ទេសចរណ៍ (គ.អ.ទ) ដោយបានលើកឡើងនូវរបៀបវារៈចំនួន២ សំដៅគាំទ្រការអភិវឌ្ឍទេសចរណ៍ នៅខេត្តកំពត និងនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។

របៀបវារៈទាំង២ខាងលើ រួមមាន៖ ទី១.ពិភាក្សាលើសេចក្ដីព្រាងផែនការ អភិវឌ្ឍន៍ទេសចរណ៍កំពតថ្មី, ទី២.ពិនិត្យលើគំនូស ព្រាងប្លង់សាងសង់កំពង់ផែទេសចរណ៍ នៅខេត្តកំពត និងគំនូសព្រាងប្លង់ស្ថាបនា ប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាម ខេត្តកែប។

អង្គប្រជុំបានផ្ដល់ការគាំទ្រ លើគម្រោងសំខាន់ខាងលើ ដោយតម្រូវឱ្យមានការសិក្សាលម្អិតថែមទៀត អំពីការប៉ះពាល់បរិស្ថាន សង្គម និងការអភិវឌ្ឍបន្ទាប់ពីទទួលបានការគាំទ្រ។ គម្រោងផែនការអភិវឌ្ឍន៍ទាំងនេះ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ពិសេសអនុវត្តតាមការណែនាំ និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីការអភិវឌ្ឍប្រកបដោយចីរភាព។

ផែនការអភិវឌ្ឍន៍នេះ បានគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍នៅខេត្តកំពត និងតំបន់ឆ្នេរសមុទ្រកម្ពុជា។ ផែនការនេះ ក៏បានជួយយ៉ាងច្រើនដល់ផែនការ អភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ, ធ្វើឱ្យប្រសើរឡើងផ្នែកបរិស្ថាន, ជំរុញការអភិវឌ្ឍឱ្យមាននិរន្តរភាព ជាពិសេសការរៀបចំអភិវឌ្ឍន៍តាមបែបបៃតង។

ផែនការខាងលើ ក៏ជួយជំរុញដល់ការរៀបចំ ឱ្យមានផលិតផលទេសចរណ៍ថ្មី នៅតាមតំបន់ឆ្នេរសមុទ្រ ការគិតគូរឱ្យមានប្រព័ន្ធសម្អាតទឹកកខ្វក់ មិនឱ្យបង្ហូរចូលទឹកសមុទ្រ, រៀបចំគ្រប់គ្រងអភិរក្សធនធាន វប្បធម៌ធម្មជាតិនៅតំបន់នោះ ជាពិសេសជំរុញបង្កើនជីវភាព រស់នៅរបស់សហគមន៍ប្រជាពលរដ្ឋ និងបង្កើតឱកាសការងារបន្ថែម។

ជាមួយគ្នានេះ ផែនការនេះ នឹងជួយឱ្យមានការគិតគូច្រើន ដល់ការបើកច្រកអន្តរជាតិ នៅខេត្តកំពតតាមផ្លូវសមុទ្រ ជាពិសេសការរៀបចំសាងសង់កំពង់ផែ ទេសចរណ៍អន្តរជាតិ ឱ្យមានការតភ្ជាប់កម្ពុជា ទៅកាន់ពិភពលោកតាមច្រកសមុទ្រ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទេសចរណ៍នេះ បានបើកឱកាសចូលរួមអភិវឌ្ឍន៍ពីគ្រប់ផ្នែកពាក់ព័ន្ធ ពីដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងអ្នកវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍតំបន់ទាំងនោះ ឱ្យមាននិរន្តរភាព និងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕