(ព្រះសីហនុ)៖ ជុំវិញការចោទប្រកាន់ពីបងប្អូន អាជីវករដែលមានតូបលក់ដូរ នៅឆ្នេរអូរឈើទាលដែលត្រូវអាជ្ញាធរខេត្ត កំនត់អោយរុះរើ សាងសង់ថ្មី តាមស្តង់ដារគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ អោយបានមុនការ ប្រារព្ធពិធីបុណ្យសមុទ្រ នាពាក់កណ្តាលខែធ្នូ ចុងឆ្នាំនេះ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមអាជ្ញាធរខេត្តបានថ្លែងប្រាប់ថា រាល់ទុក្ខកង្វល់របស់បងប្អូនអាជីវករ ទាំងអស់ រដ្ឋបាលខេត្តនិងបញ្ជូនទៅថ្នាក់លើជាអ្នកសម្រេច ។

ជាមួយគ្នានេះផងដែរ លោក ឈិន សេងងួន ក៏បានសំនូមពរអោយ បងប្អូនអាជីវករ ទាំងអស់ចូលរួម សហការគ្នាអភិវឌ្ឍ អោយបានតាមផែនការ និងប្លង់របស់គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មេត្តាជួយគាំទ្ររគម្រោងអភិវឌ្ឍនេះ ព្រោះការអភិវឌ្ឍ នេះដើម្បីធ្វើអោយបរិស្ថានឆ្នេរយើងស្អាតប្រើប្រាស់បាន គង់វង្ស ហើយនិងទាក់ទាញភ្ញៀវទេសចរ អោយបានច្រើនថែមទៀត អោយសក្តិសមទៅនឹងប្រទេសយើងជា សមាជិកនៃក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោក ។

លោក ឈិន សេងងួន ក៏បានបញ្ជាក់បន្ថែមថា ចំពោះតូបលក់ដូររបស់បងប្អូនអាជីវករ ក្រោយពេល អាជ្ញាធររៀបចំរួច គឺមិនមានការបាត់បង់ឡើយ បើទោះបីជាគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ កម្ពុជា កំនត់ស្តង់ដារតូបមួយ ត្រូវមានប្រវែង ៦ម៉ែត្រ គុណនិង១៨ម៉ែត្រក៏ដោយ ព្រោះបើសិនជាបច្ចុប្បន្ននេះ បងប្អូន កាន់កាប់ដីជាក់ស្តែង ដែលមាន ទំហំធំជាងខ្នាតតូបខាងលើគឺត្រូវទទួលបានតូប២ ឬ៣បន្ថែមទៀត ដោយមិនមាន អ្នកថ្មីមកធ្វើការលក់ដូរបន្ថែមឡើយ ៕