(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានប្រកាសក្តែងៗ នៅពេលថ្មីៗ​នេះ​ថា ​ខ្លួនមិន​ពេញ​ចិត្តទេ ដែល​មានប្រទេសមួយនោះ គាំទ្ររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ខណៈ​ដែលលោក​អះអាង​ថា ពិភពលោក​ទាំងមូលគេដឹងពី ស្ថានភាពកម្ពុជាបច្ចុប្បន្នអស់ហើយ ហើយ​គ្មាន​ប្រទេស​ណា​គាំទ្រ​កម្ពុជាទេ ​​ក្រៅពី​ប្រទេសកុម្មុយនីស្ត​​មួយហ្នឹង (សំដៅទៅលើសាធារណរដ្ឋ​ប្រជាមានិតចិន) ដែល​គាំទ្រ​រដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

គួរបញ្ជាក់​ផងដែរថា នេះមិនមែន​ជាលើកទី​មួយ​ទេ ដែលមេដឹកនាំគណ​បក្ស​ប្រឆាំង​​​ បានបង្ហាញជំហរ​ជា​សាធារណៈ ​ធ្វើជាសត្រូវជាមួយប្រទេសចិន។ កន្លង​​​មក​​ គណបក្សនេះធ្លាប់បានរិះគន់ ស្តីបន្ទោស និង​​​​​​​​​​​​​​​ចោទ​ប្រកាន់​រដ្ឋាភិបាលកម្ពុជា ​ជា​ញឹក​ញយថា បាន​ងាកទៅរកនយោបាយចិន ដោយគណ​បក្ស​​​ប្រឆាំង​ចង់បង្ហាញជំហរថា ខ្លួនគេជាអ្នកប្រជាធិបតេយ្យ​និយម ដែល​គាំទ្រផ្កាប់មុខ​ចំពោះ​អាមេរិក និង​​​ស្អប់ចិនយ៉ាងខ្លាំង។

តើទេសចរណ៍ចិន អ្នកវិនិយោគិនចិនដែលបាន និងកំពុងបន្តបណ្តាក់ទុនវិនិយោគ ​នៅប្រទេស​កម្ពុជា ជនជាតិ​ចិនដែលកំពុង​ប្រកប​​​របរ​ ជួញ​​ដូរ​និងរស់នៅកម្ពុជា និងបងប្អូនខ្មែរកាត់ចិន​ដែល​ភាគច្រើន​លើស​លុបជាអ្នករក​ស៊ីនៅកម្ពុជា នឹង​មាន​វាសនាទៅជាយ៉ាងណា បើលោក កឹម សុខា និង​បក្ស​ប្រឆាំង​ជាអ្នក​ដឹកនាំ​ប្រទេស​មែន​នោះ? ព្រោះលោក កឹម សុខា និងបក្ខពួកគឺពិតជាស្អប់​ចិន​​យ៉ាង​ខ្លាំង ដោយសារ​តែ​ចិន​គាំទ្រ ​រាជរដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន។

រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន គឺមិនមែនទទួលជំនួយផ្តាច់​​មុខតែពី​ប្រទេស​ចិននោះទេ មានប្រទេស​ជាច្រើនដែលបានផ្តល់​ជំនួយ​ ដល់ប្រទេសកម្ពុជា ដែលជាប្រទេស​កំពុង​អភិវឌ្ឍន៍​​។ ជំនួយដែលកម្ពុជា​ទទួលបានក្នុង​មួយឆ្នាំៗ មានប្រភពជាអាទិ៍មកពី ជប៉ុន សហគមន៍អឺរ៉ុប អង្គការ​អន្តរ​ជាតិ និងប្រទេស​ជាច្រើន​ទៀត​​ លើ​ពិភពលោក។

រដ្ឋា​ភិបាល​កម្ពុជា មិន​ដែល​រមិល​គុណ​ចំពោះ​ប្រទេស​ណា​មួយ ដែលតែង​តែ​គិតគូរ ផ្តល់​ជំនួយ និងជ្រោម​ជ្រែង​​ដល់កម្ពុជា​កន្លង​មក​នោះទេ ហើយក្នុងចំណោម​ប្រទេស​ទាំងនោះ ជាក់ស្តែង​ចិន គឺបាន​ជួយ​កម្ពុជា​យ៉ាង​​ច្រើន តាមរយៈ​​​ជំនួយ​​​​សន្ធឹកសន្ធាប់​ដើម្បី​អភិវឌ្ឍន៍​​​ប្រទេស​​។ សម្រាប់ជំនួយ​ទាំងនោះ គឺមាន​សារៈ​​សំខាន់​មិន​អាច​ខ្វះបានឡើយ សម្រាប់​កម្ពុជា​ក្នុងការកសាង​ឡើងវិញ នូ​វ​ហេដ្ឋា​រចនា​សម្ព័ន្ធធនធាន​មនុស្ស សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ល។ មេដឹកនាំ​កម្ពុជាគ្មានជំហររើសអើង ដូចមេដឹកនាំបក្ស​ប្រឆាំង​ចំពោះ​ប្រទេសណាមួយ​នោះ​ទេ ឱ្យតែប្រទេស​ទាំងនោះ មានគោលបំណងជួយ​កម្ពុជា​ដោយ​ពិតប្រាកដ។ នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏មិន​ដែល​រើស​​អើងចំពោះអ្នកវិនិយោគិនបរទេស និង​ជនជាតិបរទេសណាមួយ ដែល​ចង់​មករកស៊ីនៅកម្ពុជា​ឡើយ ឱ្យតែពួកគេមករកស៊ី​ដោយ​ស្របច្បាប់។

ទោះបីជាមានការរិះគន់ពីសំណាក់គណបក្សប្រឆាំង ក៏ដូចជាលោក កឹម សុខា ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ចិន យ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ហើយ​​ថា​ ​រដ្ឋាភិបាលកម្ពុជា រក្សា​​ជំហរឯករាជ្យ អព្យាក្រឹត្យ និងម្ចាស់ការលើជោគវាសនារបស់ខ្លួន គឺមិន​ផ្តេក​ផ្តួល​ទៅ​លើ​ប្រទេស​មហា​អំណាច ឬប្រទេសណាមួយឡើយ។ គេនៅ​ចាំ​បាន​ថា នាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេល​កន្លងមកធ្លាប់​បាន​ឆ្លើយ​តបទៅជនជាតិវៀតណាម ដែលបក្ស​ប្រឆាំង​តែងតែចោទថា កម្ពុជាជាអាយ៉ង​នោះ​ថា លោក​ស្មោះត្រង់​តែចំពោះ​ព្រះមហាក្សត្រកម្ពុជា ភរិយានិងគ្រួសារ  និង​បងប្អូនប្រជាពលរដ្ឋខ្មែរតែ​ប៉ុណ្ណោះ។

នាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំង​ធ្លាប់​​បាន​បញ្ជាក់​ជា​សាធារណៈថា ទោះបី​ជាខ្មែរទទួលជំនួយ​ពីប្រទេស​នានាក្តី ក៏ខ្មែរ​គ្មាន​ភាព​ចាំ​បាច់​​​ត្រូវ​រណប​ប្រទេសណាមួយដែរ ដែលនេះហើយជាមូលហេតុ ដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាង​ថា លោក​​មិន​ទទួល​ជំនួយពីប្រទេសណាមួយ ដែល​ដាក់លក្ខខណ្ឌលើកម្ពុជានោះទេ សូម្បី​តែ​​ចិន​ដែលជា​ម្ចាស់​​ជំនួយ ដ៏ធំមួយរបស់កម្ពុជាក៏ដោយ។

នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់​ថា បើ​ជំនួយ​របស់ចិន មាន​លក្ខ​ខណ្ឌកៀបសង្កត់ណាមួយមកលើកម្ពុជានោះ លោកនឹងមិនទទួល​យក​ឡើយ។ ប្រទេស​កំពុង​អភិវឌ្ឍន៍​​ដូចកម្ពុជា ពិតណាស់ថា ជំនួយគឺមានសារៈសំខាន់​មិនអាច​ខ្វះ​បាន​ឡើយ ជា​ពិសេស​​នៅកំឡុងពេល ​ដែល​កម្ពុជា​ទើបតែងើបពីសង្រ្គាម រ៉ាំរ៉ៃជាង៣ទសវត្សរ៍ ដែលហេដ្ឋា​រចនា​​​សម្ព័ន្ធ​ទាំង​អស់ ដែលជា​សរសៃ​ឈាមនៃប្រទេសជាតិ ត្រូវបានកំទេច និងបំផ្លាញ​ចោល​ទាំងស្រុង។

បើយើងក្រឡេកមើលទៅលើទំនាក់ទំនងការទូត ទំនាក់ទំនងក្នុងតំបន់ និងទំនាក់ទំនង​ជាទ្វេភាគី​រវាង ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខដឹកនាំ​នៃប្រទេស​ក្នុងតំបន់ និងអន្តរជាតិ គឺរយៈពេល៥​អាណត្តិ​​មកនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបាន​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និងពិភពលោកចាត់ទុកថា ជាមេដឹកនាំដែលចាស់ទុំជាងគេ ហើយត្រូវ​បានមេដឹកនាំ​ប្រទេស​សំខាន់ៗមួយចំនួន ស្នើសុំរៀន​សូត្រ​តាម​ទៀតផង។ ជាពិសេស​គឺ​នយោបាយឈ្នះឈ្នះ ដែល​បាន​​បង្រួ​ប​​បង្រួមខ្មែរជាច្រើនភាគី មកជាខ្មែរតែ​មួយ​​​រហូតដល់​បច្ចុប្បន្ន​​​នេះ​។ ខុសពីការលើក​ឡើងរបស់ លោក កឹម សុខា ដែលថា ​ប្រទេស​ក្នុង​ពិភព​លោក គ្មាន​អ្នក​ណាគាំទ្រ​រដ្ឋាភិបាល​កម្ពុជា មានតែចិនតែ​មួយ​នោះ គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនត្រឹមតែ​ត្រូវ​បានគេ​មើល​ឃើញថា មាន​ទំនាក់​ទំនងល្អ​ ជាមួយ​មេដឹក​នាំ​ប្រទេស​​ជិតខាងក្នុងតំបន់ និងពិភព​លោក​ប៉ុណ្ណោះ​ទេ លោក​ថែម​​ទាំងត្រូវបានគេដឹងថា ជា​​សម្ព័ន្ធ​មិត្ត​ទ្វេភាគីដ៍ជិតស្និទ្ធជាមួយបណ្តាមេ​ដឹកនាំ​សំខាន់​និងល្បីៗ​ជាច្រើនរូប​ទៀតក្នុងពិភពលោក។

ចំណុចគួរអោយកត់សំគាល់បំផុតនោះ គឺកុំសូម្បីតែ​លោក​ប្រធានាធិបតីអាមេរិក អូបាម៉ា ប្រធានាធិបតីបារាំង ហូឡង់ រឺលោក បាន គីមូន អគ្គលេខាងធិការ​អង្គការ​សហ​ប្រជា​ជាតិ។ល។ ក៏នាយករដ្ឋមន្ត្រីហ៊ុន សែន មានទំនាក់ទំនងល្អជាមួយដែរ សំខាន់​ឱ្យតែមានផលចំណេញ​ដល់ប្រទេស និងប្រជា​ពលរដ្ឋ​កម្ពុជា គឺផ្ទុយពីមេដឹកនាំ​គណបក្ស​ប្រឆាំង ដែលធ្វើ​នយោបាយរើសអើងនិងបិទផ្លូវ​​ខ្លួន​ឯង កាត់ផ្តាច់​ចំណង​មិត្ត​ភាព និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មួយ​ចំនួន ដែលខ្លួនគិតថាមិនពេញចិត្តរួច​ទៅ​ហើយ។ ការប្រកាន់​ជំហរ​ជាសត្រូវ​ជាមួយចិន ដែលជាមហា​អំណាចសេដ្ឋកិច្ចទី២ ក្នុងពិភពលោក របស់គណបក្សសង្គ្រោះជាតិ គឺខុស​គ្នា​ស្រឡះ​ពីគណ​ប​ក្ស​​ប្រឆាំង​នៅប្រទេស​ផ្សេងៗ​ទៀត ដែលគេខិតខំស្វែងរក​ការគាំទ្រ​ពី​ប្រទេស​នានា ក៍ដូចជាខិតខំ​ទាក់​ទាញ​ទេស​ចរណ៍ និង​​អ្នកវិនិយោគិន​ពី​បរទេស ដើម្បីបណ្តាក់​ទុន​វិនិយោគនៅប្រទេសខ្លួន គឺគេធ្វើដើម្បី​ប្រជា​ពលរ​ដ្ឋ​របស់គេ មិនមែនប្រឆាំង​ផ្កាប់​មុខ ​បំផ្លាញ​ជាតិ បំផ្លាញការងារ បំផ្លាញមុខរបរ ជាពិសេសបំផ្លាញឆ្នាំងបាយ របស់ប្រជាជន និងយុវជន ខ្លួនឯងនោះឡើយ។

អ្នកវិភាគមើលឃើញថា ជាការគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ដែលគណបក្សនយោបាយមួយ យក​ប្រទេស​​​​មួយ ​ឬ​ជនជាតិមួយធ្វើជាសត្រូវនឹងខ្លួន ដូចករណីដែលបក្សនេះស្អប់ចិនដូច្នេះដែរ។ អ្នក​វិនិ​យោ​គិន​ធំៗ​របស់​ចិន ដែលកំពុងតែបណ្តាក់ទុកវិនិយាគនៅកម្ពុជា គឺមានចំនួនច្រើន ហើយ​បាន​ផ្តល់​នូវ​ការងារ​​ជូន​ប្រជាពលរ​​ដ្ឋ​ខ្មែររាប់សែន​នាក់។ ជាមួយគ្នានេះអ្នករកស៊ី និ​ង​ជា​ពិសេស​បងប្អូនខ្មែរកាត់ចិន ជាច្រើន​ដែលកំពុងតែបានរួម​ចំណែកក្នុងសរសៃឈាម​សេដ្ឋកិច្ច​កម្ពុជា​មួយភាគធំ ហើយបើបក្សប្រឆាំង​ស្អប់ចិន នឹងប្រកាស​ធ្វើ​សត្រូវ​ជាមួយចិន​មែន គឺស្មើនឹង​ប្រកាស​ធ្វើសត្រូវជាមួយនឹងបង​ប្អូនអ្នករកស៊ី​ទាំង​អស់ដែរ ព្រោះអ្នករក​ស៊ី​នៅស្រុកខ្មែរ​ទាំងអស់ សុទ្ធតែ​មានទំនាក់ទំនងគ្នាទៅវិញទៅមក ជាពិសេសជា​មួយ​បងប្អូនខ្មែរ-ចិនតែម្តង៕