(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ Fresh News នៅល្ងាចថ្ងៃទី១៣ ខែកញ្ញានេះដោយ សុំមិនបញ្ចេញឈ្មោះថា គណបក្សប្រឆាំង មិនទាន់កំណត់ពេលច្បាស់លាស់ នៅក្នុងការធ្វើមហាបាតុកម្មនៅឡើយទេ ប៉ុន្តែលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ មានបំណងចង់បង្កើត ព្រឹត្តិការណ៍មួយចំថ្ងៃខួបទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានអះអាងថា មហាបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ នឹងធ្វើឡើងនៅពេលខាងមុខ ប៉ុន្តែរហូតដល់ពេលនេះ គណបក្សមិនទាន់បានកំណត់ ជាគោលការណ៍មួយនៅឡើយ។

បើតាមវីដេអូ ដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ស្តីពីវេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងថា គណបក្សនឹងធ្វើមហាបាតុកម្ម នៅគ្រប់ទីកន្លែង នាពេលខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋសម្តែងមតិ។ លោកក៏បានលើកឡើងដែរថា ថ្ងៃខួបទី២៥ឆ្នាំ របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាថ្ងៃអំណោយផលបំផុត សម្រាប់គណបក្សសង្រ្គោះជាតិ ក្នុងការបង្កើតព្រឹត្តការណ៍តវ៉ាមួយ។

ទោះជាយ៉ាងណា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានព្រមានខ្លាំងៗថា រាជរដ្ឋាភិបាលនឹងចាត់វិធានការគ្រប់បែប យ៉ាងចំពោះ ការធ្វើបាតុកម្មរបស់ គណបក្សសង្រ្គោះជាតិ ទោះជាត្រូវចំណាយនៅក្នុងតម្លៃណាក៏ដោយ។ សម្តេចថែមទាំងបញ្ជាឱ្យកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រៀមខ្លួនកំចាត់បាតុកម្មដែលល្មើសច្បាប់ និងបង្កអសន្តិសុខ ដល់ប្រទេសជាតិ

នៅថ្ងៃទី១៣​ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការពារជាតិកម្ពុជា, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, នាយឧត្តមសេនីយ៍ គន់ គីម និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន សុទ្ធតែបានអះអាងប្រាប់អង្គភាព Fresh News ឲ្យដឹងថា កងទ័ពរបស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាព ទាំងឡាយណាដែលបង្កអសន្តិសុខ ដល់ប្រទេសជាតិ។

ប្រមុខកងទ័ពខាងលើបានអះអាងថា កងទ័ពប្រឆាំងដាច់ខាត ទៅនឹងមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ ដែលបង្កអស្ថិរភាពសង្គម ហើយអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសឱ្យឆ្ងាយពី ការញុះញង់របស់ គណបក្សសង្រ្គោះជាតិ ក្នុងការប្រមូលផ្តុំធ្វើបាតុកម្មនេះ៕