(អាល្លឺម៉ង់)៖ ប៉ូលិសអាល្លឺម៉ង់ បានចាប់ខ្លួនជនភៀសខ្លួនស៊ីរីបីនាក់ នៅតំបន់ Schelsweig-Holstein ស្ថិតនៅភាគខាងជើងប្រទេសអាល្លឺម៉ង់ ដែលជាជំរុំនៃជនភៀសខ្លួនស៊ីរី ដោយសង្ស័យថាពួកគេជា បណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia ​នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញបញ្ហានេះដែរ ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់ បានឱ្យដឹងថា ជនភៀសខ្លួនទំាងបីនាក់ខាងលើ សុទ្ធតែជា មនុស្សប្រុស ដែលអាយុ ១៧, ១៨, និង ២៦ឆ្នាំ​ ហើយត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការ ប្រឆំាងភេរវកម្ម ទ្រង់ទ្រាយធំមួយ ដឹកនំាដោយប៉ូលិសប្រឆំាងឧក្រិដ្ឋកម្មសហព័ន្ធ ជាង២០០នាក់។ ក្រុមអាជ្ញាធរ អាល្លឺម៉ង់ ក៏បានបញ្ជាក់ទៀតដែរថា ជនសង្ស័យទំាងបីនាក់នេះ អាចជាសមាជិកសកម្មរបស់ក្រុម ISIS ដែលបាន ចូលមក អាល្លឺម៉ង់ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីរៀបចំនិង ដឹកនំាការវាយប្រហារភេរវកម្ម។

គួររំលឹកថា កាលពីខែកក្កដា កន្លងទៅ ការវាយប្រហារបានប្រព្រឹត្តឡើងដោយជនភៀសខ្លួន បានកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈបណ្ដាប្រទេសអឺរ៉ុប មួយចំនួនយល់ថា ក្រុមសកម្មប្រយុទ្ធ ISIS អាចស្ថិតនៅក្នុងចំណោមជនភៀសដែលមកកាន់ទ្វីបអឺរ៉ុប ប៉ុន្តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរអាល្លឺម៉ង់ បានអំពាវនាវកុំឱ្យមានការរើសអើងលើជនភៀសខ្លួន ដោយអះអាងថា ត្រូវចៀសវាងការយល់ច្រឡំ រវាងជនភៀសខ្លួន និង ក្រុមភេរវករ៕