(ភ្នំពេញ)៖ ក្រុមការងារចម្រុះ ហៅកាត់ថា PAPA នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសជាថ្មីម្តង ដើម្បីរកសាក្សី ឬអ្នកដែលបានស្គាល់កុមារម្នាក់ រងគ្រោះដោយអំពើឃាតកម្ម ដែលត្រូវបានជនមិនស្គាល់មុខ យកសាកសពទៅទម្លាក់ចោលក្នុងទឹកស្រះ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កាលពីជាង៣ខែមុន។

សេចក្តីប្រកាសរបស់ក្រុមការងារនេះ បានបញ្ជាក់ថា សពកុមាររងគ្រោះ មានអាយុប្រហែល៣ទៅ៤ឆ្នាំ ត្រូវបានជនមិនស្គាល់មុខ យកទៅផ្លុងចោលក្នុងស្រះទឹក នៅភូមិ ឃុំខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។

សាកសពកុមាររងគ្រោះ មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ រហូតមកដល់ជាង៣ខែនេះ ក៏នៅតែមិនទាន់ត្រូវបានគេស្គាល់ និងមានតម្រុយពីអត្តសញ្ញាណកុមាររងគ្រោះនៅឡើយដែរ។

កុមាររងគ្រោះអាយុពី៣ទៅ៤ឆ្នាំ ស្លៀកពាក់ខោអាវឈុតរូបតុក្កតាខ្លាឃ្មុំ និងស្លៀកខោទឹកនោមពីខាងក្នុង ស្លាកសញ្ញាដូចក្នុងរូបថតនេះស្រាប់។ កុមាររងគ្រោះមានដើមកំណើតអាសីុ សក់ពណ៌ខ្មៅ កម្ពស់ប្រហែល ៧៥ទៅ៨០សម និងគ្មានស្លាកស្នាមគួរឲ្យកត់សំគាល់ទេ រីឯមុខមាត់នៅក្នុងរូបថតខាងក្រោម គ្រាន់តែជាគំរូ មិនមែនជារូបពិតទេ។

ក្រុមការងារចម្រុះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬសាក្សីណា ដែលបានស្គាល់ដូចភិនភាគដូចខាងលើ សូមជួយផ្តល់ព័ត៌ដល់ក្រុមការងារចម្រុះ តាមរយៈសមត្ថកិច្ចមូលដ្ឋានដែលនៅជិតបំផុត ឬទាក់ទងលេខទូរស័ព្ទ ០៧៨ ៩៥ ៩០ ៩០ និង ០១២ ៨៩ ៣១ ៣៥ ដើម្បីជាប្រយោជន៍ដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច ក្នុងការវែកមុខឃាតករ។

ក្រុមការងារចម្រុះ PAPA ដែលបង្កើតឡើងសម្រាប់ជួយកុមាររងគ្រោះ បានស្នើឱ្យសាក្សី ត្រូវផ្តល់ព័ត៌មានដោយសម្ងាត់ជូនសមត្ថកិច្ច ដើម្បីមានតម្រុយឈានទៅចាប់ខ្លួនឃាតក យកទៅផ្តន្ទាទោស​តាមផ្លូវច្បាប់។

សូមជម្រាបថា ក្រុមការងារចម្រុះ PAPA ត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតករណីឃាតកម្មលើកុមារនៅកម្ពុជា ដែលស្ថិតក្នុងនាយកដ្នាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) ក្រោមការផ្តួចផ្តើមឡើងរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) និងសមត្តកិច្ចនគរបាលខណ្ឌជ្រោយចង្វារ៕