(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានបញ្ជាក់ជំហរថា កម្លាំងទាំងអស់ នៃកងឯកភាពយោធភូមិភាគពិសេស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ចាត់ចោលរាល់សកម្មភាព ទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ប្រទេសជាតិ។

ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងដោយបញ្ជាក់ ជំហរដាច់ខាតថា៖ «នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់កងឯកភាពយោធភូមិភាគពិសេស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍បទបញ្ជាប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ចាត់ចោលរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញនូវស្ថេរភាព និងសន្តិសុខរបស់ ប្រទេសជាតិ និងភាពក្សេមក្សាន្ត របស់ប្រជាពលរដ្ឋកម្ពុជា។កងកម្លាំងបានត្រៀមជាស្រេច សម្រាប់ទប់ទល់ និងប្រឆាំងទៅនិងការប្រកាសធ្វើ មហាបាតុកម្មរបស់CNRP ដែលសម្តេចចាត់ទុក​ការប្រកាសធ្វើមហាបាតុកម្មនេះ ជាការគំរាមកំហែងដល់សន្តិសុខប្រទេសជាតិ»

សូមជំរាបថា ក្រៅពីការព្រមានធ្ងន់ៗពីសំណាក់កងកម្លាំងប្រដាប់អាវុធ, នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាផ្លូវការ​មួយដោយបានប្រកាសថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយ ដោយនឹងទ្រង់ទ្រាយណាក៏ដោយ កងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ»

ក្រសួងការពារជាតិ «សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទាំងអស់ សូមកុំចូលរួម ឬក៏ជឿតាមការញុះញង់ពីសំណាក់ជនអគតិបំផ្លាញសេចក្តីសុខ សន្តិភាពរបស់ប្រជាជនដែលកំពុងមានការអភិវឌ្ឍន៍រុងរឿង ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»