(បាងកក)៖ ក្រសួងសុខាភិបាលថៃ បានឱ្យដឹងថា មានករណីឆ្លងវីរុស Zika ​យ៉ាងហោចណាស់២០០ករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃ គិតចាប់តំាងពីខែមករា ដែលនេះគឺជាចំនួនករណី ឆ្លងខ្ពស់បំផុតមួយ នៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ​នៅយប់ថ្ងៃអង្គារ៍ ទី១៣ ខែ កញ្ញា ឆ្នំា ២០១៦។

វាគឺជាលើកទីមួយហើយ ដែលក្រសួងសុខាភិបាលថៃ បានអះអាងពីចំនួនករណីឆ្លង វីរុស Zika នៅក្នុងឆ្នាំនេះ ហើយការអះអាងនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីក្រុមអ្នកជំនាញ ផ្នែកសុខាភិបាលអំពាវនាវ ឱ្យរដ្ឋាភិបាលថៃ មានតម្លាភាពជុំវិញ សេចក្ដីរាយការណ៍ ពាក់ព័ន្ធនឹងការគម្រាម កំហែងពីវីរុស Zika ជាសារធារណៈ ក្រោយពីក្រុមមន្ត្រីសុខាភិបាលថៃ មួយចំនួនបានលាក់បាំង ពីការចម្លងក្នុងកម្រិតខ្ពស់នៃសត្វ មូស ដែលមានផ្ទុកវីរុសមួយនេះ។

ដោយឡែក និយាយពីករណីឆ្លងវីរុស Zika ​នៅពេលនេះវិញអ្នកនំាពាក្យក្រសួងសុខាភិបាលថៃ លោក Suwannachai Wattanayingcharoenchai ​បានលើកឡើងដូច្នេះថា «គិតចាប់តំាងពីខែមករា មកយើងបានរកឃើញករណីឆ្លងវីរុស Zika​​ ជាង២០០ករណី​ ហើយនៅក្នុងរយៈពេលបីសប្ដាហ៍ចុងក្រោយនេះ យើងបានរកឃើញករណីឆ្លងថ្មី យ៉ាងហោចណាស់ ២០ក្នុងមួយសប្ដាហ៍»

សូមជំរាបថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ ករណីឆ្លងវីរុស Zika ​នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងច្រើនចំនួនប្រមាណ ៣៣៣​ករណី ខណៈប្រទេសមួយចំនួន ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ី ថៃ ហ្វីលីពីន ជាដើមសុទ្ធបានអះអាងពីវត្តមានវីរុស Zika​ នៅក្នុងប្រទេសរបស់ខ្លួន៕