(សេអ៊ូល)៖​ ក្រុមហ៊ុនប្រតិបតិ្តការថាមពលអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែ របស់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារនេះ បានផ្អាកប្រតិបត្តិការ​ រ៉េអាក់ទ័រចំនួន៤របស់ខ្លួន នៅតំបន់រោងចក្រផលិតថាមពលអគ្គីសនី ដើរដោយថាមពលនុយក្លេអ៊ែ ជាការប្រុងប្រយ័ត្នទុកជាមុន បន្ទាប់ពីកាលពីយប់ថ្ងៃចន្ទ គ្រោះរញ្ជួយដីបានធ្វើការវាយប្រហារ តំបន់ភាគខាងត្បូងឈៀងខាងកើត ប្រទេសមួយនេះ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។

រោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែ Korea Hydro និង Nuclear Power Co ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ បានបិទដំណើរការ រ៉េអាក់ទ័រ Wolsong No.1, Wolsong No.2, Wolsong No.3 និងរ៉េអាក់ទ័រ Wolsong No.4 ជាមួយនឹងសមត្ថភាព នៃរ៉េអាក់ទ័រទាំង៤នេះ អាចផលិតបានថាមពលអគ្គីសនី ចំនួន២,៧៧៩មេហ្គាវ៉ាត់។ វាមិនទាន់ដឹងច្បាស់នោះទេ ថាតើពេលណាដែលរ៉េអាក់ទ័រទាំង៤នេះ​ នឹងចាប់ផ្តើមដំណើរការឡើងវិញ។

គ្រោះរញ្ជួយដីទាំង២ ក្នុងនោះមួយមានកម្រិត៥,១រ៉ិចទ័រ និងមួយទៀត៥,៨រ៉ិចទ័រ បានវាយប្រហារកាលពីយប់ថ្ងៃចន្ទ នៅជិតទីក្រុង Gyeongju​ ប្រទេសកូរ៉េខាងត្បូង។ គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័រ គឺជាកម្រិតខ្ពស់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង។ មានមនុស្ស២នាក់ បានទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីនេះ ប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរ ត្រូវបានរាយការណ៍ឲ្យដឹងនៅឡើយនោះទេ។

សូមជម្រាបថា ការផ្អាកដំណើរការរ៉េអាក់ទ័រចំនួន៤បន្ថែមទៀតនេះ បានធ្វើឲ្យចំនួនរ៉េអាក់ទ័រ ដែលត្រូវបានបិទ នៅកូរ៉េខាងត្បូង កើនឡើងដល់៧គ្រឿង៕