(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាព Fresh News បានធ្វើការចុះផ្សាយថា​ មានមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនម្នាក់ បានទាញកាំភ្លើងគំរាមប្រជាពលរដ្ឋ គ្រាន់តែរឿងស្ទះចរាចរណ៍បន្តិចសោះ ភ្លាមៗក្រោយទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់មកអង្គភាព Fresh News នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា លោក បាននឹងកំពុងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ដ្រីនគរបាលរូបនេះហើយ​ បញ្ជាឲ្យក្រុមជំនាញចុះទៅធ្វើការសើុបអង្កេតជាបន្ទាន់ រកខុសរកត្រូវជាក់ស្តែងទៀតផង។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងចាត់វិធានការលើ នគរបាលប្រឆាំងគ្រឿងញៀនម្នាក់ ទាញកាំភ្លើង គំរាមប្រជាពលរដ្ឋ គ្រាន់តែរឿងស្ទះចរាចរណ៍ យើងខ្ញុំបាននិងកំពុងមានវិធានការ៖ ទី១-កោះហៅសាម៉ីខ្លួន (លោកអនុសេនីយ៍ត្រី កាំង គឹមហុង) មកបំភ្លឺ និងដកហូតអាវុធយកទុកក្នុងអង្គភាពវិញ ទី២-ចាត់ក្រុមការងារចុះស៊ើបអង្កេត ដល់ន្លែងកើតហេតុ ថាតើអង្គហេតុមានដំណើរដើមទងបែបម៉េចខ្លះ ទី៣-ប្រមែប្រមូលព័ត៌មាន ដ៏ទៃទៀតដើម្បីធ្វើការបូកសរុបវាយតម្លៃ ពីកំហុសឆ្គង និងអនុវត្តន៍វិន័យទៅ តាមអ្វីដែលយើងរកឃើញការពិត ដែលសាម៉ីខ្លួនបានប្រព្រឹត្ត ទី៤-បញ្ឈជើងនៅការិយាល័យបុគ្គលិកជាបណ្តោះអាសន្ន រង់ចាំការវិនិច្ឆ័យនិងសម្រេចពីក្រុមប្រឹក្សាវិន័យ នៃគណស្នងការ»

លោកស្នងការ បានបន្ថែមថា ​«យើងខ្ញុំដាច់ខាតមិនឲ្យមានអំពើអសកម្មបែបនេះ មកបំផ្លាញកិត្តិយសអង្គភាព ឬសមូហភាពឡើយ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់បុគ្គល​ ធ្វើល្អពិតជាទទួលរង្វាន់​ បុគ្គលប្រព្រឹត្តមិនគប្បីត្រូវ តែទទួលទណ្ឌកម្ម ហើយប្រសិនបើ​បងប្អូនណាមានព័ត៌មានសូមសរេសរមកអាស័យដ្ឋានរបស់យើងខ្ញុំ»

ជាងនេះទៅទៀត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានសង្កត់ធ្ងន់ៗថា ​ត្រូវកោះហៅ លោកអនុសេនីយ៍ត្រី កែ គឹមហុង មកបំភ្លឺ និងរង់ចាំការស៊ើបអង្កេតនៅការិយាល៍យបុគ្គលិក ព្រមទាំងដកអាវុធដកលិខិតបេសកកម្ម លិខឹតអាវុធ រក្សាទុកនៅបុគ្គលិកផ្ទាល់ ហើយការិយាល័យកណ្តាលព្រហ្មទណ្ឌ ចាត់មន្រ្តីចុះពិនិត្យអង្គហេតុ ស្វែងរកគូទំនាស់ រកសាក្សី និងកសាងសំណុំរឿង ដើម្បីដាក់ជូនក្រុមប្រឹក្សាវិន័យវិនិ្នច្ឆ័យ និងសម្រេចដោយតម្លាភាព។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ មានបុរសម្នាក់ឈ្មោះ​ ហុង​ ដែលបានអះអាងខ្លួនជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​ ដោយគ្រាន់តែស្ទះឡាន នៅក្នុងផ្សារបន្តិចសោះ​ បានទាញកាំភ្លើងគំរាមប្រជាពល​រដ្ឋ ជាអ្នកធ្វើដំណើរនៅខាងមុខ។​

ហេតុការណ៍នេះ​ កើតឡើងនាម៉ោង៦៖៤០នាទី​ល្ងាច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ​ នៅចំណុចផ្សារស្គន់​ ភូមិស្គន់​ ឃុំសូទិព្វ​ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម។

ប្រជាពលរដ្ឋ​ ដែលឃើញហេតុការណ៍​នេះ​ បានឲ្យដឹងថា​ មុនដំបូងមានបុរសវ័យចំណាស់ម្នាក់ ឈ្មោះ ឆុន ឆុំ ចតឡានក្បែរផ្លូវ​ ដោយឲ្យចៅស្រីចុះទិញទំនិញមិនដល់២នាទីផង​ ស្រាប់តែមានបុរសម្នាក់ ​ជិះរថយន្ដមួយគ្រឿង​ ម៉ាកបាឡែន​ ពាក់ស្លាកលេខភ្នំពេញ2AL-1061​ មកដល់ពីក្រោយ​ ហើយបញ្ចេញចរិកច្រងែងច្រង៉ាង​ ស្រែចជេរអ្នកនៅខាងមុខ​ ហើយបានទាញកាំភ្លើងគំរាមគេឯង​ ហើយបានអួតខ្លួនថាខ្លួនឈ្មោះ​ ហុង​ ជាមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម​ មិនតែប៉ុណ្ណោះបុរសនោះបោះសម្ដីថា​ «អញគ្មានខ្លាចអាណាទាំងអស់»

ជាមួយគ្នានេះ ជនរងគ្រោះ លោក ឆុន ឆុំ​ ត្រូវបាននគរបាលកោះហៅ ទៅសួរនាំបន្ថែមទៀត នៅអធិការដ្ឋាននគរបាលស្រុក នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីដោះស្រាយបញ្ហានេះបន្ថែមទៀត៕