(គូឡាឡំាពួរ)៖ អាជា្ញធរសុខាភិបាលម៉ាឡេស៊ី បានអះអាងថា មន្រ្តីផ្នែកសុខាភិបាលបានរកឃើញការឆ្លងវីរុស Zika​ ចំនួនពីរករណីថ្មីបន្ថែមទៀត លើស្រ្តីពីរនាក់ដែលជាបងប្អូននឹងគ្នា ​រស់នៅក្នុងទីក្រុង Miri​​ និងទីក្រុង គូឡាឡាំពួ ដែលវាបានធ្វើឱ្យករណីឆ្លងនៅក្នុងប្រទេសម៉ាឡេស៊ី កើនឡើងដល់ ៦ករណី។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Channel News Asia ​​នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ 

ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Subranmaniam​ បាននិយាយនៅក្នុង សេចក្ដីប្រកាសព័ត៌មានថា ករណីឆ្លងវីរុស Zika ​ទី៥ ត្រូវបានរឃើញលើស្រ្តីម្នាក់កំពុងមានផ្ទៃពោះ ពីរខែម្នាក់មានអាយុ ៣៥ឆ្នំា រស់នៅក្នុងទីក្រុង Miri​ នៃ ​រដ្ឋ Sarawak និងមានប្រវត្តិធ្លាប់បានទៅធ្វើការ នៅ ប្រទេសសិង្ហបុរី។ ស្ត្រីរូបនេះបានធ្វើដំណើរទៅប្រទេសសិង្ហបុរី លើកចុងក្រោយនៅចន្លោះពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។

លោក Subranmaniam បន្ថែមថា ស្រ្តីរូបនេះបានទៅព្យាបាលនៅមន្ទីពេទ្យឯកជនមួយក្នុងទីក្រុង Miri​​ កាលពីថ្ងៃទី០៦ ខែកញ្ញា បន្ទាប់ពីមានអាការៈគ្រុនក្ដៅរយៈពេលយូរ ហើយក្រោយមកទើបគ្រូពេទ្យរកឃើញថា រូបនាងមានផ្ទុកវីរុស Zika​ ខណៈដែលបងស្រីរបស់នាង មានអាយុ៣៩ឆ្នាំ រស់នៅក្នុងទីក្រុង គូឡាឡាំពួរ ក៏កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យក្នុងថ្ងៃតែមួយផងដែរ ក្រោយពីលេចចេញរោគសញ្ញាឆ្លងនៃវីរុស Zika ដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ សមាជិកគ្រួសារ៦នាក់ផ្សេងទៀត របស់ស្រ្តីទំាងពីរនាក់នេះ រស់នៅក្នុងផ្ទះតែមួយ ពុំត្រូវបានគេរកឃើញថា មានរោគសញ្ញាឆ្លងវីរុស Zika នោះទេ បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើការពិនិត្យគ្រប់ៗគ្នារួចមក៕