(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការជួយអន្តរាគមន៍ ស្ត្រីខ្មែរដែលរងគ្រោះចំនួន៥នាក់ នៅប្រទេសចិនឲ្យបានត្រឡប់មកកាន់ មាតុភូមិកម្ពុជាវិញ។

ក្រសួងការបរទេស កបានបញ្ជាក់ថាទៀតថា ក្នុងចំណោមស្ត្រីខ្មែរទាំង៥នាក់ មាន៣នាក់ ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន សហការជាមួយប៉ូលីសក្រុង Leping នៃខេត្ត Jiangxi ប្រទេសចិន បានអន្តរាគមន៍ជួយឲ្យត្រឡប់មកកម្ពុជាវិញ បន្ទាប់ពី​ត្រូវ​បាន​មេខ្យល់ បោកបញ្ឆោតយក​ទៅរៀបការ ជាមួយបុរសជនជាតិចិន ដោយពួកគេបាន ត្រឡប់មកដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២៣៖៣០ នាទី ​តាមជើងយន្តហោះលេខ CZ323 ។   

ជាមួយគ្នានេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ​​២​នាក់ ដែលត្រូវបានមេខ្យល់នាំ ទៅរៀបការបុរសជនជាតិចិន នៅ​ខេត្ត​ហ៊ឺណាន ​និង​ខេត្ត​ជាំងស៊ី ឲ្យបានត្រឡប់​​មកកម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៦ វេលាម៉ោង១៣៖៣០នាទី​ តាមជើង​យន្តហោះ​លេខ CZ5069 ព្រលាន​យន្តហោះ​​អន្តរជាតិភ្នំពេញ៕