(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រកាសថា គណបក្សសង្រ្គោះជាតិ មិនទាន់កំណត់ថ្ងៃធ្វើមហាបាតុកម្មច្បាស់លាស់នៅឡើយទេ ខណៈដែលមានការផ្សព្វផ្សាយថា គណបក្សសង្រ្គោះជាតិ កំណត់យកថ្ងៃទី២៣ តុលា ឆ្នាំ២០១៦ ដើម្បីធ្វើមហាបាតុកម្ម។

លោក សុន ឆ័យ បានចេញមុខបដិសេធនូវព័ត៌មានទាំងនោះ។ ការអះអាងនេះ បានធ្វើឡើង នៅក្នុងវេទិការបស់គណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក សុន ឆ័យ បានលើកឡើងថា «អ្នកខ្លះគេសួរថា គណបក្សសង្រ្គោះជាតិហ្នឹង ធ្វើបាតុកម្មថ្ងៃណា ខ្លះចង់ឱ្យទឹកត្រី អង្ករ តាមពិតខ្ញុំចង់បញ្ជាក់អញ្ចេះ មាននរណានោះបង្ហោះថាថ្ងៃណាៗ ប៉ុន្តែតាមពិតយើងអត់បានកំណត់អ្វីទាំងអស់ យើងអត់បានកំណត់ថ្ងៃហ្នឹងទេ»។ លោក សុន ឆ័យ បានបន្ថែមថា មហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ នឹងធ្វើឡើងនៅតាមមូលដ្ឋាននានា បើសិនជាមានចាប់ខ្លួនមេដឹកនាំគណបក្សសង្រ្គោះជាតិ ដូចជា លោក កឹម សុខា ជាដើម ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញអំពីបំណងរបស់លោក ដែលចង់បង្កើត ព្រឹត្តិការណ៍មួយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដែលចំថ្ងៃខួបទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លោកចង់ឱ្យសកម្មជនគណបក្សសង្រ្គោះជាតិសម្តែងមតិរបស់ខ្លួននៅក្នុងថ្ងៃនោះ។ លោកចាត់ទុកថានោះជាឱកាសល្អរបស់គណបក្សសង្រ្គោះជាតិ។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា បានព្រមានខ្លាំងៗថា រាជរដ្ឋាភិបាល នឹងចាត់វិធានការគ្រប់បែបយ៉ាងចំពោះការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ទោះជាត្រូវចំណាយនៅក្នុងតម្លៃណាក៏ដោយ។ សម្តេចថែមទាំងបញ្ជាឱ្យកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រៀមខ្លួនកម្ចាស់បាតុកម្មដែលល្មើសច្បាប់ និងបង្កអសន្តិសុខដល់ប្រទេសជាតិ។

ចំណែកកងទ័ព ក៏បានប្រកាសដែរថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលបង្កអសន្តិសុខដល់ប្រទេសជាតិ។ កងទ័ពប្រឆាំងដាច់ខាត ទៅនឹងមហាបាតុកម្ម របស់គណបក្សសង្រ្គោះជាតិ ដែលបង្កអស្ថិរភាពសង្គម ហើយអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចៀសឱ្យឆ្ងាយពី ការញុះញង់របស់ គណបក្សសង្រ្គោះជាតិ ក្នុងការប្រមូលផ្តុំធ្វើបាតុកម្មនេះ៕