(តៃវ៉ាន់)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយឈ្មោះថា Meranti បានវាយប្រហារមកលើកោះតៃវ៉ាន់ នៅថ្ងៃពុធនេះ ដោយបង្កឱ្យលំនៅស្ថានជាង ១៨០,០០០ ខ្នង គ្មានអគ្គីសនីប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពដដែលបានបញ្ជាក់ទៀតថា បើទោះបីជាព្យុះទីហ្វុង Maranti មិនបានបណ្ដាលឱ្យមានគ្រោះ រអិលបាក់ដីក៏ដោយ ក៏ព្យុះមួយនេះបាននំាមកជាមួយនូវ ផ្គររន្ទះ, ខ្យល់បក់ខ្លាំង, និង ភ្លៀងធ្លាក់យ៉ាងគំហុក​ នៅឯភាគខាងកើត និងភាគខាងត្បូងនៃកោះតៃវ៉ាន់ផងដែរ។ ជាងនេះទៅទៀត នៅម៉ោងប្រមាណជា ១០៖១៥ នាទីព្រឹក(ម៉ោងនៅក្នុងតំបន់) ព្យុះMaranti បានធ្វើដំណើរក្នុងល្បឿន ពី៣០រហូតដល់ ២៦៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ឆ្ពោះទៅកាន់ ទីក្រុង Hengchun។

យោងតាមអាជ្ញាធរឧតុនិយមតៃវ៉ាន់ កម្លាំងខ្យល់បក់ដ៏ខ្លាំងបែបនេះ មិនធា្លប់មានឡើយនៅក្នុង ប្រវត្តិសាស្ត្រនៃព្យុះដែលបានវាយលុកកោះតៃវ៉ាន់ នារយៈពេល១២០ឆ្នាំមកនេះ។  សូមជំរាបថា អាជ្ញាធរតៃវ៉ាន់បានជម្លៀសមនុស្សយ៉ាងហោចណាស់ ១៥០០នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ខណៈសាលារៀន ក្រុមហ៊ុន ឬ មធ្យោបាយធ្វើដំណើរជាច្រើន នៅភាគខាងកើតនិងភាគខាងត្បូងត្រូវបានបិទទ្វារ ឬលុបចោលជាបណ្ដោះអាសន្ន។

ជាមួយគ្នានោះដែរ អាជ្ញាធរឧតុនិយមបានព្យាករណ៍ដែរថា  ព្យុះត្រូពិចមួយផ្សេងទៀតឈ្មោះថា Malakas ដែលបក់បោកមកពីភាគខាងកើតប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងមកដល់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍នេះ តែទំនងជានឹងមិនបង្កឱ្យមានគ្រោះរអិលបាក់ដីឡើយ៕