(ភ្នំពេញ)៖ រថយន្តគ្រប់ប្រភេទ ដែលពាក់ស្លាកលេខនគរបាល និងចុះក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋចំនួន ៤៧០គ្រឿង ត្រូវបានប្រមុខរាជរដ្ឋាភិបាលយល់ព្រម លើកលែងការបង់ពន្ធ នាំចូលដោយពន្ធអាករជាបន្ទុករបស់រដ្ឋ ដោយការយល់ព្រមនេះ យោងទៅតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ។

សំណើលើកលែងការបង់ពន្ធរថយន្ត ពាក់ស្លាកលេខ «នគរបាល» នេះត្រូវបានប្រមុខរាជរដ្ឋាភិបាសម្តេចតេជោ ហ៊ុន សែន យល់ព្រមនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើសុំឲ្យម្ចាស់រថយន្តពាក់ស្លាកលេខនគរបាល មិនមានបង់ពន្ធនាំចូលហើយត្រូវបានកត់ត្រាដោយមន្ត្រីគយ និងរដ្ឋាករចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់។

ក្រោយទទួលបានលិខិតខាងលើ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើលិខិត ជំរាបជូនទៅប្រមុខរាជរដ្ឋាភិបាល ស្នើសុំលើកលែងពន្ធនាំចូលដោយ ពន្ធអាករជាបន្ទុក របស់រដ្ឋ ចំពោះរថយន្តពាក់ស្លាកលេខនគរបាល ដែលមានស្រាប់ចំនួន៤៧០គ្រឿង ចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងមហាផ្ទៃ។

ក្នុងនោះក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយយោងលើថវិការដ្ឋមានកំរិត កន្លងមកនេះរដ្ឋពុំមានលទ្ធភាពបំពាក់មធ្យោបាយ បានគ្រប់គ្រាន់សំរាប់ផ្ដល់ជូន តាមអង្គភាពបំពេញការងារនៅឡើយ ជាពិសេសកំលាំងនគរបាលជាតិ ដែលមានតំរូវការយានយន្ត បំរើកិច្ចការចាំបាច់ក្នុងការបង្កា ការពារ បង្ក្រាបបទល្មើស ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំថ្ងៃ និងយោងលើស្ថានភាព ជាក់ស្ដែងក្រសួងមហាផ្ទៃបានអនុញ្ញាតអោយមន្ត្រីមួយចំនួនដែលមានរថយន្តគ្មានពន្ធហើយ បានស្ម័គ្រចិត្តប្រគល់ ជាអំណោយជូនក្រសួង ដើម្បីកត់ត្រាក្នុងបញ្ជីសារពើភណ្ឌតម្កល់ជាទ្រព្យសម្បត្តិរដ្ឋ ត្រូវបិទនិមិត្តសញ្ញានគរបាលជាតិ និងឈ្មោះអង្គភាពប្រើប្រាស់ស្លាកលេខនគរបាលបំរើអោយអង្គភាព ដោយមិនអាចលក់ដូរ ឬផ្ទេរបានឡើយ តែការចុះបញ្ជីរថយន្ត គ្មានពន្ធនេះត្រូវបានបញ្ចប់មិនអនុញ្ញាតអោយមានទៀតឡើយ។

ក្រោយមានការស្នើសុំយ៉ាងដូច្នេះ សម្ដេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែម្ដងទៅ។ សូមបញ្ជាក់ថា បច្ចុប្បន្នគេសង្កេតឃើញមាន រថយន្តស៊េរីទំនើបៗអត់ពន្ធជាច្រើនបានបន្លំពាក់ស្លាកលេខ នគរបាល ស្លាកលេខ ខេមរភូមិន្ទ និងស្លាកលេខរដ្ឋជាដើម រួមទាំងស្លាកលេខក្លែងក្លាយផងដែរ៕