(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុង ចំពោះប្រព័ន្ធព័ត៌មានអេឡិចត្រូនិច មួយបានផ្សាព្វផ្សាយបញ្ជីឈ្មោះ ចំណាត់ថ្នាក់គ្រឹះស្ថានឧត្តមសិក្សា​ជាលក្ខណៈលេខរៀង (Ranking System) ដែលបានការផ្សាព្វផ្សាយនេះ ជាការផ្សព្វផ្សាយមិនពិត បានធ្វើឲ្យសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមានការយល់ច្រឡំ។

បើតាមសេចក្ដីថ្លែងការណ៍​ របស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បញ្ជាក់ថា «បច្ចុប្បន្ននៅប្រទេសកម្ពុជា គ្មានប្រព័ន្ធវាយតម្លៃគុណភាពអប់រំបែបចាត់ជាចំណាត់ថ្នាក់ (Ranking System) នោះឡើង គឺកម្ពុជាអនុវត្តន៍នូវប្រព័ន្ធគុណភាពអប់រំ តាមបែបដាក់ពិន្ទុជាប់ និងធ្លាក់ ហើយប្រព័ន្ធវាយតម្លៃនេះ ត្រូវបានវាយតម្លៃលើកទី១ ពីអ្នកវាយតម្លៃផ្ទៃក្នុងដើម្បីរកចំណុចខ្សោយ និងចំណុចខ្លាំង ដើម្បីការកែលម្អ និងលើកទី២ ពីអ្នកវាយតម្លៃខាងក្រៅ គឺពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ​ នៃកម្ពុជាដើម្បីដាក់ពិន្ទុជាប់ និងធា្លក់»

គ្រឹះស្ថានឧត្តមសិក្សា បានបន្ថែមថា ប្រព័ន្ធគុណភាពអប់រំឧត្តមសិក្សានៅកម្ពុជា ក្រោមការដឹកនាំរបស់ រដ្ឋមន្ដ្រីក្រសួងអប់រំ​ យុវជន និងកីឡា លោក ហង់​ ជួនណារ៉ុង ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា ត្រូវបានធ្វើកែទម្រង់ជាបន្ដបន្ទាប់សំដៅ ជំរុញគុណភាពកាន់តែប្រសើរជាងមុន ហើយបានធ្វើឲ្យវិស័យអប់រំមានការវិវត្ដន៍យ៉ាងខ្លាំង ឈានទៅការប្រកួតប្រជែង ក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានោះដែរ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមអំពាវនាវ ដល់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ មេត្តាកុំជឿលើការផ្សព្វផ្សាយភូតកុហកនេះ ហើយនៅកម្ពុជាគ្នាការវាយតម្លៃគុណភាពអប់រំ បែបចំណាត់ថ្នាក់ (Ranking) លើគ្រឹះស្ថានឧត្តមសិក្សាតាមលេខរៀងនោះឡើយ៕