(មណ្ឌលគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយគ្រូៗ និងសិស្សនៅសាលាចំនួនពីរ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្រៅពីសំណេះសំណាលសម្តេចតេជោ បានផ្តល់អគារសិក្សាចំនួនពីរខ្នង ស្មើ២៤បន្ទប់ ដើម្បីបំពេញតម្រូវការរបស់ សិស្សក្នុងខេត្តមណ្ឌលគិរី ដែលកំពុងកើនឡើងផងដែរ។

សាលា ដែលសម្តេចតេជោ បានចូលជួបសំណេះសំណាលនេះ រួមមាន៖ វិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ស្ថិតភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ សាលានេះ សម្តេចផ្តល់អគារសិក្សាថ្មី១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ អាគារស្នាក់១ខ្នង ២ជាន់ ១០បន្ទប់ និងជួសជុសតារាងបាល់ទាត់។ សាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ស្ថិតភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ផ្តល់ជូនអាគារសិក្សាពីរខ្នង ដោយ ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ និងធ្វើទីចាត់ការ១ខ្នង ៣បន្ទប់។

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តធ្វើដំណើរចុះមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាពិនិត្យសមិទ្ធផលនានា នៅក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសានប្រទេស។

ក្នុងដំណើរមកកាន់ខេត្តមណ្ឌលគិរី ក្តីវិយោគក្រៀមក្រំ ក៏បានកើតមានចំពោះសម្តេចផងដែរ។ ក្តីក្រៀមក្រំនេះ កើតមាននៅពេលដែលសម្តេចតេជោ ហ៊ុន សែន ចុះមើលផ្នូសពកូនប្រុស «កំសត់» នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពេលមកឃើញផ្នូសពរបស់កូនប្រុសដំបូងនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហូទឹកភ្នែកនឹកស្រណោះដល់កូន ដែលត្រូវស្លាប់ក្នុងរបបប៉ុលពត។

សម្តេចតេជោ បានថ្លែងបង្ហាញក្តីក្រៀមក្រំតាមទំព័រ Facebook របស់សម្តេចថា ក្រោយពេលឃើញផ្នូសពកូន សម្តេចក៏នឹកឃើញរឿងឈឺចាប់របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលរងការឈឺចាប់ មិនអាចបំភ្លេចបានកាលពីថ្ងៃ១០ វិច្ឆិកា ១៩៧៦។ សម្តេចតេជោ បានសូមឲ្យកូនអត់ទោសឲ្យ ដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លូនឯង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ស្ថានភាពរបស់សម្តេចនៅក្នុងរបបប៉ុលពតនោះ គឺអន់ជាងសត្វទៅទៀត។ សម្តេចពន្យល់ថា សត្វវាចេះថែទាំកូនវា តែសម្តេចនៅពេលមិនមានលទ្ធភាពមើលថែទាំកូននោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ដែរ ព្រោះតែការអត់ធ្មត់របស់នាពេលនោះ ទើបសម្តេចបង្កើតបានស្ថានភាពដូចពេលបច្ចុប្បន្ន សម្រាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល។

បន្ទាប់ពីចុះមើលផ្នូសពកូនប្រុសរួចហើយសម្តេចតេជោ ហ៊ុន សែន ក៏បានចូលទៅពិនិត្យអគារសិក្សា និង សំណេះសំណាលជាមួយគ្រូៗ សិស្សានុសិស្ស នៃ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយមើលឃើញពីតម្រូវការ និងការខ្វះខាតអាគារសម្រាប់ការសិក្សារបស់សិស្សានុសិស្ស និងអគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ នោះ សម្តេចតេជោ ក៏បានសម្រេចផ្តល់អគារសិក្សាថ្មី១ ខ្នង ២ជាន់ ស្មើនឹង១២ បន្ទប់ និងអគារស្នាក់នៅរបស់គ្រូ ១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទប់។

ក្បួនរថយន្តរបស់សម្តេចតេជោ ហ៊ុន សែន បានមកដល់ខេត្តមណ្ឌលគិរី នាម៉ោងជាង ១០ព្រឹកថ្ងៃដដែលនេះ។ សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ។

ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៨ ហើយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរតាមរថយន្តចុះមកដល់ដោយផ្ទាល់ ក្រោយការ ប្រកាសដាក់ចេញយុទ្ធនាការពីខេត្តបាត់ដំបង កាលពីខែកក្កដា កន្លងទៅ។ ជាការកត់សម្គាល់ផ្លូវធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្នមានភាពល្អប្រសើរងាយស្រួលក្នុងការធ្វើដំណើរ មិនលំបាកដូចកាលពីប៉ុន្មានឆ្នាំមុននោះឡើយ។

សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបប្រមាណជាង ១ម៉ឺនម៉ែត្រការ៉េ មានព្រំទល់ជាប់និងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងប្រទេសវៀតណាមផងដែរ។ ខេត្តនេះមានប្រជាជនសរុបជិត ៨ម៉ឺននាក់។ ខេត្តនេះ មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះរមនា និងទឹកជ្រោះជ្រៃធំ ជាដើម។ តំបន់ទេសចរណ៍ធម្មជាតិទាំងអស់នេះ បានជួយអន្ទងដួងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់ ឲ្យលំហែកម្សាន្តិនៅក្នុងខេត្តភូមិភាគឦសានមួយនេះ៕