(ភ្នំពេញ)៖ មន្រ្តីស្ថានទូតអាមេរិកបានចំណាយពេលជិតពីរម៉ោង នៅរសៀលថៃ្ងពុធនេះ ដើម្បីផ្តល់ព័ត៌មានគន្លឹះថា តើនិស្សិតកម្ពុជា ត្រូវធ្វើដូចមេ្តចខ្លះ ដើម្បីទទួលបានវីសា (Visa) និងអាហាររូបករណ៌ (Scholarship) ទៅសិក្សានៅសហរដ្ឋអាមេរិក។

លោក Collin Webster មន្រ្តីកុងស៊ុលរបស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានផ្តល់ព័ត៌មាន ជាច្រើនជុំវិញទម្រង់បែបបទនិងនិតិវិធីងាយៗ ដើម្បីឲ្យនិស្សិតកម្ពុជាអាចទទួលបានវីសាដោយជោគជ័យ ទៅសិក្សានៅសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះ អ្នកស្រី ម៉ៅ កូឡាប ទីប្រឹក្សាផែ្នកអប់រំរបស់ អាមេរិកប្រចាំនៅកម្ពុជា ក៏បានផ្តល់ព័ត៌មានជាគន្លឹះល្អៗ ដល់និស្សិតកម្ពុជាដើម្បីឲ្យគេអាចទទួលបានអាហាររូបករណ៌ ទៅសិក្សានៅសាកលវិទ្យាល័យជាច្រើន នៅសហរដ្ឋអាមេរិកដោយពុំចាំបាច់បង់ប្រាក់ឬក៏ត្រូវបង់តិចតួច។

ការផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ខាងលើដែលនិស្សិតបរទេសរាប់លាននាក់ចង់បាននិងចង់ដឹង ត្រូវបានធ្វើទៅកាន់និស្សិត AUPP ប្រហែល១០០នាក់ ដែលកំពុងសិក្សានៅឆ្នាំទី២, ៣ និង ឆ្នាំទី៤ តាមសំណើររបស់សាកលវិទ្យាល័យ AUPP ទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការរបស់ AUPP បានលើកឡើងថា «ស្ថាបនិក ក្រុមប្រឹក្សាភិបាល និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ AUPP សូមស្វាគមន៍ក្មួយៗក្នុងការពិចារណាមកសិក្សានៅសាកលវិទ្យាល័យរបស់យើងខ្ញុំ។ កត្តាជោគជ័យនាពេលអនាគតរបស់ក្មួយៗអាស្រ័យលើការជ្រើសរើស សញ្ញាបត្រ ពីសាកលវិទ្យាល័យ ប្រកបដោយគុណភាពខ្ពស់បំផុត»។

AUPP បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យធំៗចំនួនពីរ នៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees)។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញ ដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP។

AUPP គឺជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងតំបន់ ដែលចេញសញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីសហរដ្ឋ អាមេរិក។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង មកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១ / ០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh៕