(ភ្នំពេញ)៖ រថយន្តកុងតឺន័រមួយគ្រឿង ពេលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៤ បានទៅបុករថយន្តកូរ៉េចំកាប៊ីន ខណ:ឆ្លងផ្លូវ ពីជើងទៅត្បូង មុខវិទ្យាល័យជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៤៖៥០នាទីព្រឹកទាបភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ តែសំណាងល្អ គ្មានអ្នករងគ្រោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តកូរ៉េ បានបើកចេញពីផ្លូវ រោងចក្រ QMI ស្រាប់តែពេលឆ្លងផ្លូវជាតិលេខ៤នោះ ក៏រថយន្តកុងតឺន័រ មកដល់បុកពេញមួយទំហឹង បណ្តាលឲ្យក្រឡាប់តែម្តង។

ក្រោយកើតហេតុអ្នកបើករថយន្តទាំង២នាក់ បានរត់គេចខ្លួនអស់ បន្សល់រថយន្តនៅកន្លែងកើតហេតុ បណ្តាលឲ្យកកស្ទះចរាចរណ៍ផងដែរ ទំរាំសមត្ថកិច្ច យកចេញពីផ្លូវ៕