(កោះកុង)៖ ដើម្បីលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីហា បានចុះចែករង្វាន់លើកទឹកចិត្ត ក៏ដូចជាវត្ថុអនុស្សាវរីយ៍មួយចំនួន ដល់សិស្សវិទ្យាល័យប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្មវិធីនេះ ត្រូវបានឡើងនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ព្រមទាំងមានរៀបចំពិសារបាយសាមគ្គី ដែលមានការចូលរួមពីលោកប្រធានមន្ទីរអប់រំស្រុក នាយកសាលាវិទ្យាប៉ាក់ខ្លង មេឃុំភូមិ ឪពុកម្តាយសិស្ស និងសិស្សចំនួន១៦នាក់។

លោក ហាក់ ឡេង បានធ្វើការផ្តាំផ្ញើទៅសិស្សដែលប្រឡងជាប់ ឱ្យខិតខំប្រឹងប្រែងបន្តទៀត នៅពេលទៅបំពេញការសិក្សា នៅភ្នំពេញ ឬនៅក្នុងខេត្ត ព្រោះចំណេះវិជ្ជាជាមាសប្រាក់ ព្រោះពួកគេជាទំពាំងស្នងឫស្សី ជាសសរទ្រូង នៃប្រទេសជាតិទៅថ្ងៃអនាគត់។

លោកបានបន្តថា ការសិក្សាជាកក្តាដ៏សំខាន់បំផុតរបស់ពួកគេ ហេតុនេះត្រូវប្រឹងប្រែងក្នុងការសិក្សា ដើម្បីកិត្តិយសគ្រួសារ កិត្តិយសខ្លួនឯង កិត្តិយសប្រទេស ហើយត្រូវគេចឲ្យផុតពីគ្រឿងញៀន មិនត្រូវសេពគប់ជាមួយមិត្តមិនល្អ និងត្រូវចេះណែនាំមិត្តដើរផ្លូវមិនល្អ ឲ្យមកផ្លូវល្អវិញបើមាន។

ក្រោយពីធ្វើការសំណេះសំណាល​រួច លោកអភិបាលស្រុក បានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១៦នាក់ ផងដែរ៕