(ភ្នំពេញ​)៖ នារីវ័យក្មេង៤នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ឌុបគ្នាចេញពីកន្លែងញាំុអាហារនៅជិតកោះពេជ្រ ត្រូវបានជនសង្ស័យមានគ្នាជាង១០នាក់ ស្ទាក់វាយប្លន់យកម៉ូតូ តែត្រូវកម្លាំងនគរបាល ពេលកំពុងល្បាតជួយទាន់ពេល និងដេញចាប់ឃាត់ខ្លួនបានចំនួន២នាក់ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង១៖២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខណាហ្គា ស្ថិតក្នុង សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​។

តាមសំដីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេមានគ្នា៤នាក់ បានជិះម៉ូតូមួយគ្រឿង​ ឌុបគ្នាមកពីអង្គុយញាុំអាហារ នៅសួនជិតគល់ស្ពានកោះពេជ្រ ពេលញ៉ាំរួចហើយ ទើបនាំគ្នាចេញត្រលប់ទៅផ្ទះ ខណៈជិះមកដល់មុខណាហ្គា ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះម៉ូតូមកជិតហើយធាក់ប្តួល បំណងចង់ប្លន់យកម៉ូតូពួកគេ។

ក្នុងពេលកម្លាំងនគរបាលកំពុងដើរល្បាត បានប្រទះឃើញហេតុការណ៍ខាងលើ ក៏បានចុះអន្តរាគមន៍ភ្លាមៗ ធ្វើឱ្យជនសង្ស័យភ័យ និងនាំគ្នាជិះម៉ូតូរត់រហូតដល់ចំណុចមុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស ទើបកម្លាំងសមត្ថកិច្ចតាមទាន់ ហើយឃាត់បាន២នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1DB-5649 ចំណែកបក្សពួកផ្សេងទៀតរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ទៅអធិការដ្ឋានចាត់ការបន្ត៕