(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បាននិយាយថា លោកមិនដែលចង់ឃើញ ភាពតានតឹងក្នុងកម្រិតខ្ពស់ នៅក្នុងឧបទ្វីបកូរ៉េដូចបច្ចុប្បន្នឡើយ ដោយលោកបានជម្រុញឱ្យ ក្រុមប្រឹក្សាសន្តិសុខ ផ្ញើសារដ៏រឹងមំាមួយដល់របបដឹកនំាក្រុងព្យុងយ៉ាង ថាការសាកល្បងអាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោង គឺជារឿងមិនអាចទទួលយកបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ការលើកឡើងបែបនេះរបស់ លោក បាន គីមូន ធ្វើឡើងនៅឯសន្និសិទសារព័ត៌មានមួយ ក្នុងឱកាសនៃការបើកសម័យប្រជុំ មហាសន្និបាតនៃអង្គការសហប្រជាជាតិ។  លោក បាន គីមូន បាន លើកឡើងដូច្នេះថា «ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកើនឡើងខ្ពស់បំផុតនាពេលបច្ចុប្បន្ន ហើយខ្ញុំក៏មិនចង់ឃើញភាពតានតឹង របៀបនេះដែរ ព្រោះវាពិតជាសំខាន់ណាស់ដែល ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែរួមគ្នា និងចាត់វិធានការជាបន្ទាន់ ទប់ទល់នឹងសកម្មភាពបង្ករឿងទំាងឡាយ របស់កូរ៉េខាងជើង»

ដោយឡែកក្នុងថ្ងៃដដែលនោះដែរ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានគូសបញ្ជាក់ថា ចិនជំទាស់ជាដាច់ខាតចំពោះ ការដាក់ទណ្ឌកម្មលក្ខណៈឯកតោភាគីប្រឆាំងនឹង កូរ៉េខាងជើង តែលោកថាទីក្រុងប៉េកំាង នឹងធ្វើការងារជាមួយនឹងអង្គការសហប្រជាជាតិ ដើម្បីចាត់វិធានការ ឆ្លើយតបចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ពីសំណាក់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា រាល់ការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង អាចមានប្រសិទ្ធិភាព ឬយ៉ាងណានោះ ក៏អាស្រ័យទៅលើប្រឋទេសចិនដែរ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់របបដឹកនំាលោក គីម ជុងអ៊ុន ខណៈចិនផ្ទាល់កំពុងខឹងសម្បារជុំវិញការដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិកនៅលើទឹកដី កូរ៉េខាងត្បូង។ សម្រាប់ចិនការដាក់ពង្រាយប្រព័ន្ធការពារ មីស៊ីលនេះគឺជាកាត្តាមួយធ្វើឱ្យស្ថានភាព សន្តិសុខក្នុងតំបន់កាន់តែតានតឹងឡើង៕