(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខ លោក បឹុល កុសល ប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំរបស់ខ្លួន បន្ថែមការរឹតបណ្តឹង និងការពារទប់​ស្កាត់បទល្មើសនានា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជននៅក្នុងមូលដ្ឋាន សំដៅពង្រឹងការអនុវត្តការងារតាមគោលការណ៍ ភូមិ ឃុំ មានសុវត្ថិភាលរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងសាលាខណ្ឌសែនសុខ។ ក្នុងនោះដែរ លោក បឹុល កុសល បានផ្តោតសំខាន់ទៅលើសកម្មភាពល្បែងសីុសងខុសច្បាប់ ពិសេសហ្គេម ល្បែងតាមប្រព័ន្ធអេឡិចត្រូនិច កន្ទុយលេខ បៀរ និងអាប៉ោងជាដើម ព្រមទាំងជំរុញឱ្យមានការប្រឹងប្រែងទប់ស្កាត់ នូវបទល្មើសគ្រឿងញៀន និងអំពើចោរកម្មផ្សេងៗ ដែលបញ្ហាទាំងនេះ កំពុងតែ​បញ្ចេញនូវសកម្មភាពច្រើន ជាមុខសញ្ញាគ្រោះថ្នាក់សម្រាប់សង្គម ហើយចាំបាច់ត្រូវតែបង្ក្រាប និងទប់ស្កាត់ឱ្យខានតែបាន។

លោកអភិបាលខណ្ឌបានណែនាំដល់សមត្ថកិច្ចតាមមូលដ្ឋានថ្នាក់ប៉ុស្តិ និងសង្កាត់ ដែលមិនសូវយកចិត្តទុកដាក់ ចំពោះបញ្ហានេះដោយហេតុថា ចៅសង្កាត់មួយចំនួនបានលាក់បាំងបទល្មើសទាំងនេះ ដោយមិនព្រមរាយការណ៍មកខណ្ឌឡើយ រហូតទាល់តែខាងសាលាខណ្ឌដឹងរឿងដោយខ្លួនឯង។ ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៣កញ្ញា កម្លាំងនគរបាលខណ្ឌបានទៅឆ្មក់ចាប់ទីតាំងល្បែងស៊ីសង បៀរ និងអប៉ោងមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ហើយលោកចៅសង្កាត់អត់ដឹង និងមិនរាយការណ៍មកសាលាខណ្ឌទៀត។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានសំណូមដល់លោកអភិបាលខណ្ឌ ឱ្យជួយសហការដាក់កម្លាំងប្រជាការពារ មកចូលរួមសហការយាមល្បាត​រួមគ្នាជាមួយកម្លាំងនគរបាលមូលដ្ឋាន ទើបអាចងាយស្រួលទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ករណីនេះ ត្រូវបានលោកអភិបាល ទទួលឯកភាពតាមសំណូមពរផងដែរ៕