​(បាត់ដំបង)៖ កម្លាំងនគរបាលនៃ អធិការ​ដ្ឋាន​ស្រុកថ្មគោល​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍គោឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២០នាក់ ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ដោយក្នុងនោះម្នាក់ជាមេក្លោងចែកចាយ និង១៩នាក់ទៀត ជាអ្នកប្រើប្រាស់។

លោក​វរសេនីយ៍ត្រី​ ផង់ សុភាព​ អធិការ​ស្រុក​ថ្មគោល ​បាន​ឲ្យ​ដឹងថា​ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន​ នៅខេត្តបាត់ដបង ដែលអនុវត្តតាមផែនការ និងដាក់ចេញ​ បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង និង​ស្នើ​សុំ​គោល​ការណ៍​ឯកភាព​យោបល់​ ពី​លោក​ នួន​ សាន​ ព្រះរាជ្ញា​អមសាលា​ដំបង​ខេត្ត​​ ​ក្នុង​ការ​បង្រ្កាប​នេះកម្លាំងជំនាញ ឃាត់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ ​អាង វ៉ានឌឿន (ហៅចាង) ​អាយុ២៤ឆ្នាំ ស្ថិតនៅក្រុមទី១០ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ​ព្រមទាំងអ្នកប្រើប្រាស់ ១៩នាក់ផងដែរ​។

លោកអធិការ បញ្ជាក់ថាក្នុងនោះកម្លាំងជំនាញដកហូតបាន​ ថ្នាំប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន២កញ្ចប់ ម៉ូតូ១២គ្រឿង ដាវសាំម៉ូរ៉ៃ២ដើម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ​

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ចូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕