(ភ្នំពេញ)៖ មន្រ្តីយោធា២នាក់ ត្រូវបានកម្លាំងល្បាតអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនខណៈដែលទើបតែមកពីទិញថ្នាំញៀនយកទៅជក់ ដោយសមត្ថកិច្ចដកហូតថ្នាំបាន៣កញ្ចប់ ម៉ូតូ១គ្រឿង នៅ​យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦  នៅចំណុចលើ កំណាត់ផ្លូវជាតិលេខ៥ ទល់មុខស្ថានីយ៍ប្រេង ឥន្ធនៈតេលា ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

មន្ត្រីនគរបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា កម្លាំងនគរបាលផ្នែកអន្តរាគមន៍ តែងតែសហការ និងកម្លាំងព្រហ្មទណ្ឌ ព្រមទាំងកម្លាំងតាមបណ្ដាប៉ុស្ដិ៍មូលដ្ឋាន ក្នុងភូមិសាស្ត្រដើម្បីយាមល្បាត ដោយអនុវត្តន៍តាមការណែនាំពី លោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ដែលជាក់ស្ដែង នៅយប់មិញនេះ កម្លាំងសមត្ថកិច្ច បានបន្តសកម្មភាពពួនស្ទាក់ និងចាប់បានជនសង្ស័យ ​២នាក់ រកឃើញថ្នាំញៀនប្រភេទក្រាមសថ្លា​ ៣កញ្ចប់​ និងម៉ូតូមួយគ្រឿង ម៉ាក Nex ពាក់ស្លាកលេខភ្នំពេញ1CD-3528។

មន្ដ្រីដដែល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ជាយោធា ដោយទី១-ឈ្មោះ ​គង់ ទី​ អាយុ២១ឆ្នាំ ស្នាក់នៅភូមិស្រែកក់ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង​ទី២-ឈ្មោះ កែវ វណ្ណៈ ​អាយុ១៩ឆ្នាំ ស្នាក់នៅភូមិវាល់វង់ ឃុំសេដ្ឋី ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យយោធាទាំង ២នាក់ ត្រូវបានកម្លាំងជំនាញនាំយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់៕