(កណ្ដាល)៖ មន្ដ្រីគយប្រចាំច្រកទ្វារជ្រៃធំ ខេត្តកណ្តាល បានបើកប្រតិបត្តិបង្ក្រាបការដឹកជញ្ជូនសត្វព្រៃប្រភេទសត្វអណ្តើក និងពស់បានជិត៤០០គីឡូក្រាម នៅយប់ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១បេ ចំណុចស្ពានទី៧៣ ក្នុងភូមិលេខ៥ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

លោក មួង ដារ៉ា ប្រធានច្រកទ្វារគយ និងរដ្ឋាករជ្រៃធំបានឲ្យដឹងថា រថយន្តដែលលោកបង្ក្រាបបាននោះម៉ាកនីសាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2E-5703 ចំណែកមេឈ្មួញរូបនោះ​មិនត្រូវបានគេស្គាលអត្តសញ្ញាណនោះទេ បានព្យាយាមរត់គេចខ្លួនបាត់។

លោកបានបន្តថា នេះដោយសារមានការណែនាំពីអគ្គនាយកគយ និងរដ្ឋាករ តែងតែក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវមានសហការជាមួយមន្ត្រីពាក់ព័ន្ធប្រចាំការ​គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវមានប្រុងប្រយ័ត្ន​ខ្ពស់ចំពោះបទល្មើសឆ្លង​ដែន ត្រូវតាមបង្ក្រាបឲ្យបានកុំឲ្យឈ្មួញខិលខួចទាំងនោះ លួចធ្វើសកម្មភាពដឹកឆ្លងដែនបាន។

គួរបញ្ជាក់ថា ចំពោះឈ្មួញដឹកជញ្ជូនសត្វព្រៃឆ្លងដែនខុសច្បាប់នេះ មន្ត្រីគយច្រកទ្វារជ្រៃធំតែងតែឆ្មក់​តាមបង្ក្រាបបានជាច្រើនរួច​មកហើយនិងបានប្រគល់ទៅឲ្យ អង្គការ​ហ្វាយអេអាយឡិន ជាបន្តបន្ទាប់ផងដែរ ។

នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៦នេះមន្ត្រីនៃអង្គការសហព័ន្ធមិត្តសត្វព្រៃសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃចល័យនៃរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃ បានមកទទួលយកទៅដោះលែងតំបន់ព្រៃបឹងធម្មជាតិនៅព្រឹកថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៦ ៕