(បាត់ដំបង)៖ ពលករខ្មែរចំណាកស្រុកចំនួន៣៦នាក់ ដែលទៅសីុឈ្នួលបេះផ្លែឈើដោយគ្មានច្បាប់ទម្លាប់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ត្រូវបានតម្រួតថៃ ចាប់ខ្លួន ហើយគ្រោងបញ្ជូនមកវិញ តាមច្រកអន្តរជាតិដូង ក្នុងស្រុករវៀង ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

តែសម្រាប់ករណីនេះ ត្រូវបានលោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បានឲ្យដឹងថា លោកមិនទាន់ទទួលបានព័ត៌មាននេះ នៅឡើយទេ ប៉ុន្តែលោកថា ការចាប់ខ្លួន​ពលករខ្មែរ​របស់ភាគីថៃ​ខាងលើនេះ ហើយបញ្ជូនមកវិញ តែងតែកើតឡើងស្ទើជារៀងរាល់ថ្ងៃ ដូចច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងដូច្នេះដែរ។

យោងតាមមន្រ្តីយោធា ដែលប្រចាំការនៅច្រកអន្តរជាតិមួយនេះ បានឲ្យដឹងថា កម្លាំងតម្រួតថៃផ្នែកអន្តោប្រវេសន៍ ប្រចាំខេត្តឈៀងម៉ៃ ​ត្រៀមនឹងបញ្ជូនខ្លួនពលករខ្មែរ ដែលលបលួនឆ្លង​ដែនខុស​ច្បាប់​ចំនួន៣៦នាក់  ត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិដូង  ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគេទាំងអស់កំពុងធ្វើដំណើរចេញពីខេត្តឡាំភូន​ ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ ដើម្បីធ្វើការងារ​ជាកម្មករបេះផ្លែឈើ។

មន្រ្តីយោធាបានបញ្ជាក់ថា នៅវេលាម៉ោង​៨​ព្រឹក ថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០១៦ កំលាំងតម្រួតនៃអធិការ​ដ្ឋានស្រុកមឿង ខេត្តឡាំភូន ប្រទេសថៃ បានចេញប្រតិបត្តិការល្បាត​ក្នុងភូមិសាស្ត្រ​របស់ខ្លួនបានប្រទះឃើញពលករខ្មែរមួយក្រុម ​ដែលក្នុងនោះមានក្មេង មានចាស់ ​កំពុងធ្វើដំណើរលើដងផ្លូវឈៀងម៉ៃក្នុងទិសដៅពីខេត្តឡាំភូន ឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ  ត្រង់ចំណុច ភូមិ៧  ឃុំអ៊ុំមោង​ ស្រុកឡាំភូន។

​ដោយមានការសង្ស័យព្រោះគេសង្គេតឃើញ​មានឥវ៉ាន់សំពីង​សំពោងផងនោះ ទើបក្រុមតម្រួត​បានឃាត់ពួកគេទាំង​អស់គ្នាដើម្បីធ្វើការសាក​សួរទើបដឹងថា ពួកគេគឺជាពលករខ្មែរកំពុង​ស្វែងរកការងារ​ធ្វើនៅ​ក្នុងប្រទេសថៃ ព្រមទាំងគ្មានច្បាប់​អនុញ្ញាតថែមទៀត ។

ដោយពុំមានច្បាប់ឆ្លងដែននោះឡើយហើយក៏ត្រូវក្រុមតម្រួតថៃឃាត់ខ្លួនតែម្តង ក្នុងនោះមានអនីតិជន៧នាក់ផងដែរ។ ប៉ុន្តែកំលាំងតម្រួតថៃពុំ​បានធ្វើទារុណកម្ម​លើរាងកាយ ឬរឹបអូសទ្រព្យសម្បត្តិ​របស់ពលករណាម្នាក់ឡើយ ព្រមទាំងបានប្រគល់ទៅឲ្យ​ខាងជំនាញធ្វើការ​តាមផ្លូវច្បាប់ផងដែរ៕