(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត តំបន់ការពារធម្មជាតិចំនួន៣ថ្មីបន្ថែមទៀត នៅខេត្តព្រះសីហនុ និងខេត្តព្រះវិហារ ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងបរិស្ថាន នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០១៦នេះ។

តំបន់ការពារធម្មជាតិចំនួន៣ថ្មី បន្ថែមទៀត រួមមាន៖ ឧទ្យានជាតិកោះរុង ខេត្តព្រះសីហនុ មានផ្ទៃដីទំហំ ២៦៥៥,៣៥ហិកតា, តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ខេត្តព្រះវិហារ មានផៃ្ទដីទំហំ ២៥២៦៩,៤១ហិកតា និងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ខេត្តព្រះសីហនុ មានផ្ទៃដីទំហំ ១៦,៣ហិកតា។ ជារួមតំបន់ការពារធម្មជាតិសរុបចំនួន៤៥ មានផ្ទៃដីសរុបទំហំ ៥,៩០២,៤៤៤,០៦ហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

ការដាក់កោះរុងជាឧទ្យានជាតិ និងការដាក់បឹងព្រែកទប់ជាតំបន់អភិរក្សទឹកសាបក្នុងគោលបំណង ដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះក្នុងតំបន់នោះ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖