(ឡុងដ៍)៖ ទីបំផុតរដ្ឋាភិបាលអង់គ្លេស បានបើកភ្លើងខៀវឲ្យក្រុមហ៊ុនពីរ ធ្វើការកសាងរោងចក្រ នុយក្លេអ៊ែរ Hinkley Point ដែលមានតម្លៃ ១៨ពាន់លានអឺរ៉ូ ស្មើនឹងជាង ២០ពាន់លានដុល្លារអាមេរិក ក្រោយពីបានផ្អាកគំរោងការណ៍ជាបណ្តោះអាសន្នកាលពីខែកក្កដា។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋាភិបាលបារាំង និងចិន បានថ្លែងជុំវិញបញ្ហានេះថា គំរោងកសាងរោងចក្រនុយក្លេអ៊ែរ Hinkley Point នឹងត្រូវដំណើរការទៅមុខ ប៉ុន្តែវានឹងត្រូវអនុវត្តន៍តាមលក្ខខណ្ឌមួយចំនួន។ សម្រាប់ក្រុម​ហ៊ុនដែលបាន សហការក្នុងគំរោងនេះគឺ ក្រុមហ៊ុន EDF ដែលបានព្រមព្រៀងចំណាយហិរញ្ញវត្ថុចំនួន ពីរភាគបី នៃគំរោងទាំងមូល ខណៈក្រុមហ៊ុនចិនបានសម្រេចថាខ្លួន នឹងចំណាយមួយភាគ​បីប៉ុណ្ណោះ ក្នុងគំរោងការណ៍អភិវឌ្ឍន៍រយៈពេល ២០ឆ្នាំ។

គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ ដែលនឹងត្រូវពង្រីកបន្ថែមខាងលើនេះ គ្រាន់តែបានចេញគំរោងភ្លាម ក៏បានទទួលការរិះគន់ពីសំណាក់ប្រជាជនអង់គ្លេសភ្លែត ក៏ព្រោះតែការសាងសង់នឹង​ត្រូវធ្វើឡើង​ដោយ ក្រុមហ៊ុនបរទេស ដែលប្រជាជនអង់គ្លេសមានការព្រួយបារម្ភចំពោះគុណភាព។ សម្រាប់ប្រទេសចិន (CGNPG) វិញ បានចាត់ទុកការវិនិយោគលើរោងចក្រ ខាងលើនេះគឺជា កិច្ចព្រមព្រៀងបីនៅ​ក្នុងរោងចក្រតែមួយ៕