(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកទី៧១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ រយៈពេល៥ថ្ងៃ នៅទីក្រុងញូវយ៉ក នាសប្ដាហ៍ក្រោយនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «គោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការជំរុញជាសកលក្នុងការផ្លាស់ប្ដូរពិភពលោក»

តាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ ហើយលោកទេសរដ្ឋមន្ដ្រី នឹងមានជំនួបទ្វេភាគី ជាមួយរដ្ឋមន្ដ្រីការបរទេស និងប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ៕