(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងនាយដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្តេជ្ញារួមសហការគ្នា ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ និងពង្រឹងតម្លៃវប្បធម៌ អរិយធម៌ជាតិ ឱ្យកាន់រឹងមាំថែមទៀត។

ការប្តេជ្ញាយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈកុំព្យូទ័រ ពីអគ្គនាយកដ្ឋានបេតិកភណ្ឌ ជូនដល់នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្នុងក្រសួងមហាផ្ទៃ។
ក្នុងឱកាសនេះ លោក ប្រាក់ ស៊ុនរ៉ា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ បានថ្លែងថា «នាពេលកន្លងមក កិច្ចសហប្រតិបត្តិការរបស់មន្ត្រី នៃក្រសួងវប្បធម៌ នៅមានភាពខ្វះចន្លោះ ជាមួយនឹងមន្ត្រីនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៃក្រសួងហារផ្ទៃ ក្នុងការការពារបេតិកភណ្ឌជាតិនៅទូទាំងប្រទេស ដោយមិនបានផ្តល់ព័ត៌មាន ពីការចូលរួមក្នុងការពារបេតិកភណ្ឌ អ្វីឡើយ»

លោក ប្រាក់ ស៊ុនរ៉ា បានសន្យានឹងបន្តកិច្ចសហប្រតិការ ជាមួយមន្ត្រីនាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ រាល់កិច្ចការដែលពាក់ព័ន្ធផ្សេង ដល់ការការពារបេតិកភណ្ឌជាតិ ព្រមទាំងការចុះមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយពី គោលនយោបាយការពារ និងស្រាវជ្រាវបេតិកភណ្ឌជាតិ នៅទូទាំងប្រទេស ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ប្រធាននាយដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងដែរថា នាយកដ្ឋានមានមន្ត្រីនគរបាលជាច្រើន នៅទូទាំប្រទេស ហើយត្រៀមចូលរួមការពារបេតិកភណ្ឌជាតិជានិច្ច បើសិនជាក្រសួង ត្រូវការសហការក្នុងការគ្រប់គ្រងការពារបេតិកភណ្ឌជាតិ។

លោកឧត្តមសេនីយ៍បានបន្តថា មន្ត្រីនាយកដ្ឋាននគរបាលបេតិកភណ្ឌ តែងតែត្រូវការកិច្ចសហប្រត្តិការ រវាងដៃគូពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់ថ្នាក់ដឹកនាំ ក្នុងការពារបេតិកភណ្ឌជាតិ ជាពិសេសនាយដ្ឋានមានផែនការការពារ នៅប្រាសាទសំបូរព្រៃគុកហ៍ និងនៅតាមសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នាពេលខាងមុខ ដូច្នេះទាមទារឱ្យមានការចូលរួម ពីមន្ត្រីក្រសួងវប្បធម៌ លើសកម្មភាពនេះ ឱ្យបានល្អប្រសើរ៕