​(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យ DP​ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសជប៉ុន បានបោះឆ្នោតជ្រើសរើសតំាង​ស្រ្តីម្នាក់ជា​លើកដំបូងបំផុត ឱ្យធ្វើជាប្រធានគណបក្ស ជាមួយនឹង សំឡេងគាំទ្រដ៏ច្រើនលើសលប់។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោកស្រី Renho ​មានអាយុ ៤៨ឆ្នាំ  បានទទួលការគំាទ្រ៥០៣សំឡេង ក្នុងចំណោមសន្លឹកឆ្នោត សរុបចំនួន​៨៤៩ ពីសមាជិកបក្ស ខណៈគូប្រជែងរបស់លោកស្រី គឺអតីតរដ្ឋមន្រី្តការបរទេស​លោក Seiji Maehara ​បានទទួលការគំាទ្រ ២៣០សំឡេង និងសមាជិ​កសភាលោក Yuichiro Tamaki ទទួលបាន ១១៦សំឡេង។

គួរបញ្ជាក់ថា លោកស្រី Renho ​ដែលធ្លាប់ធ្វើជាតារាម៉ូដែល និង​ពិធីការិនីទូរទស្សន៍បានជាប់ឆ្នោត ជាសមាជិកសភាជាន់ខ្ពស់របស់​ជប៉ុនចាប់ពីឆ្នាំ២០០៤ ហើយលោកស្រីក៏ធ្លាប់​បានបម្រើការងារជារដ្ឋមន្រ្តី កំណែទម្រង់រដ្ឋបាលនៅ អំឡុងពេល​​គណបក្ស DP​ ដឹកនំារដ្ឋាភិបាលនៅចន្លោះឆ្នាំ ២០០៩-២០១២ ផងដែរ។

គណបក្សប្រជាធិបតេយ្យ DP ត្រូវបានបង្កើតឡើងកាលពីខែមីនាកន្លងទៅ តាមរយៈការរួមបញ្ចូលគ្នា នៃគណបក្ស Ishin No To ​និងគណបក្សប្រជាធិបតេយ្យជប៉ុន(DPJ)។ លោកស្រី Renho នឹងកាន់តំណែងជាប្រធានបក្សរហូតដល់ ខែកញ្ញា ឆ្នាំ២០១៩៕​