(ប៉ៃលិន)៖ អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ បានបើកកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហា ជុំវិញការចោទប្រកាន់ពីភាគីថៃថា កម្ពុជាបាននាំចេញផ្លែស្វាយកែវរមៀត និងផ្លែមៀន ដោយគ្មានអនាម័យ និងអាចឆ្លងជម្ងឺដល់ពលរដ្ឋថៃ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងនោះដែរភាគីកម្ពុជាដឹកនាំដោយលោក ​សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន និងលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅខេត្តប៉ៃលិនជាច្រើនរូបផងដែរ ​​រីឯភាគីថៃ​ដឹកនាំដោយលោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តច័ន្ទបុរី និងប្រធានអង្គភាពពិនិត្យគុណភាពអនាម័យ។

ជាលទ្ធផលកិច្ចប្រជុំនេះ ភាគីថៃនៅតែ​បន្តបដិសេធ មិនឲ្យកសិករកម្ពុជានាំចូល នូវផ្លែស្វាយកែវរមៀត និងផ្លែមៀន នេះទេ ហើយនៅតែបន្ដអះអាងថា កសិផលរបស់​ខ្មែរ មានផ្ទុកមេរោគ ៣ប្រភេទ មិនតែប៉ុណ្ណោះ ថៃក៏ជំរុញឲ្យកម្ពុជា មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងមានការបញ្ជាក់គុណភាពអនាម័យ ពីអង្គភាពត្រួតពិនិត្យគុណភាពអនាម័យ របស់ភាគីកម្ពុជានោះផងដែរ។

បើតាមការលើកឡើង ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានបញ្ជាក់ថា ភាគីកម្ពុជាបានស្នើដល់ភាគីថៃ នូវគោលការណ៍៥ចំណុចធំៗ រួមមាន

ចំណុចទី១-ភាគីកម្ពុជា បានស្នើឲ្យភាគីថៃជួយសម្រួល ក្នុងការនាំចេញផ្លែស្វាយ ជាប្រក្រតីរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែភាគីថៃបានលើកឡើងថា ការនាំចូលស្វាយកែវរមៀត ត្រូវមានការបញ្ជាក់ពីកូដតាមអនាម័យ ដែលចេញដោយក្រសួងកសិកម្ម បើមិនដូច្នោះទេ ខាងភាគីថៃមិនអនុញ្ញាតឲ្យនាំចូលបានឡើយ ហើយភាគីថៃ បានស្នើសុំឲ្យមានជំនួបពិភាក្សា រវាងក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មថៃ ដើម្បីដោះស្រាយលើបញ្ហាទាំងនេះ ព្រោះរយៈពេលកន្លងមកនេះភាគីថៃបានរកឃើញថា ស្វាយកែវរមៀតដែលនាំចូលពីកម្ពុជា មានផ្ទុកមេរោគចង្រៃចំនួន៣ គឺ ខ្មូតក្នុងគ្រាប់ស្វាយកែវរមៀត ពពួកផ្សិត និងបាតេរី។

ទី២-ពិភាក្សាពីអត្រាពន្ធនៃការនាំចេញកសិផល ខាងភាគីថៃ បានស្នើសុំឲ្យភាគីកម្ពុជា ត្រូវប្រើទម្រង់D (Form D) របស់ក្រសួងពាណិជ្ជកម្ម ដើម្បីកាត់បន្ថនៃការបង់ពន្ធ នៃនាំចេញកសិផល។

ទី៣-ពិភាក្សាពីការចេញ ម្រេចខ្ចី-ទុំ និងអង្ករ តាមច្រកទ្វារអន្តរជាតិព្រំ ភាគីថៃ ស្នើសុំឲ្យភាគីកម្ពុជា ត្រូវមានឯកសារបញ្ជាក់ពីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម។

ទី៤-ការដោះដូរទំនិញ ភាគីថៃបានស្នើសុំឲ្យមានការដូរទំនិញនៅខាងកម្ពុជា (នៅផែស្ងួត មានទីតាំងតំបន់ផ្សារព្រំ) ហើយភាគីថៃបានសន្យាថា និងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន មកពិនិត្យសកម្មភាព នៃការដោះដូរទំនិញ និងការវេចខ្ចប់តម្រូវ បទដ្ឋានបច្ចេកទេស ដើម្បីសម្រួលដល់ការងាយស្រួលជូនក្រុមហ៊ុនអ្នកនាំចេញ នៃប្រទេសទាំង២។

ទី៥-​ភាគី​ទាំង២ បានឯកភាពគ្នា និងរៀចចំឲ្យមានជំនួបពិភាក្សារវាង អភិបាលខេត្តប៉ៃលិន និងអភិបាលខេត្តច័ន្ទបុរី ស្តីពីការនាំចេញកសិផលខេត្តទាំង២ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕