(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានចុះហត្ថលេខាមួយក្រុមហ៊ុន HGB Group Co. LTD., លើកិច្ចព្រមព្រៀងភាពជាអ្នកចែកចាយផ្ដាច់មុខ ដើម្បីកាន់កាប់ទៅលើទីផ្សារចែកចាយរថយន្ដជាច្រើន ដោយមានជំនាញច្បាស់លាស់ ហើយមិនត្រឹមតែចែកចាយរថយន្ដប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានអាជីវកម្មផ្សេងៗដូចជា ផ្នែកម្ហូបអាហារ និងទំនិញដែលជាផ្លាកសញ្ញាថ្លៃៗជាច្រើនទៀត។

កម្មវិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល ក្រោមអធិបតីភាព ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ,ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក lngo Karsten រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលជាដៃគូពាណិជ្ជកម្មជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានថ្លែងថា សមិទ្ធផលនេះ បានបញ្ជាក់ឲ្យឃើញពីការរីកចម្រើនឥតឈប់ឈរនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាជីវភាពរស់នៅកាន់តែប្រសើរ របស់ប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចនាយក តែងតែខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ សង្គម និងសេដ្ឋកិច្ច ហើយជាពិសេស គឺរក្សាបាននូវសុខសន្តិភាព និងវឌ្ឍនភាព។

លោកទេសរដ្ឋមន្ដ្រី បន្ដថា «ប្រាកដណាស់ Volkswagen ជាម៉ាកសញ្ញាឈានមុខរបស់ពិភពលោកមួយនេះ បានមើលឃើញ ពីសក្តានុពលដ៏ខ្លាំងក្លានៃប្រទេសកម្ពុជា ហើយខ្លួនខ្ញុំផ្ទាល់ក៏បានមើលឃើញពីសក្តានុពលនៃរថយន្តដូចគ្នា។ ស្របពេលដែលជីវភាពរស់នៅរបស់ប្រជាជនខ្មែរ កំពុងតែរីកចម្រើនទៅមុខជាលំដាប់ តម្រូវការ ផលិតផលល្បីៗ និងមានគុណភាពដូចជា Volkswagen ក៏មានការកើនឡើងខ្ពស់ផងដែរ។ Volkswagen មានន័យថា ជារថយន្តសម្រាប់មនុស្ស ដែលត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ហ្មត់ចត់ ដោយធានាបាន ទាំងគុណភាព និងសោភណភាព ដើម្បីសុវត្ថិភាព និងភាពទំនើបទាន់សម័យរបស់អ្នកប្រើប្រាស់ ដែល ត្រង់នេះហើយ ដែលធ្វើឲ្យម៉ាករថយន្តនេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយទូទាំងពិភពលោក ហើយប្រាកដណាស់ នឹងទទួលបានការគាំទ្រដូចគ្នាពីសំណាក់ប្រជាជនកម្ពុជា»

ទេសរដ្ឋមន្ដ្រី បន្ថែមថា «ក្នុងនាមខ្ញុំជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ខ្ញុំចង់ឃើញវត្តមានរថយន្ត លំដាប់ពិភពលោកដែលមានរូបរាងរចនាស្អា​ត ទាក់ទាញជាមួយគុណភាព​ដ៏ប្រណីតបែបនេះនៅកម្ពុជា ហើយក៏ចង់ឃើញប្រជាពលរដ្ឋកម្ពុជាក្លាយជាម្ចាស់រថយន្តដ៏ទំនើបនេះ។ ខ្ញុំពិតជាមានមោទនភាព ដែលប្រទេសយើងក្លាយជាទីផ្សារប្រកួតប្រជែង សម្រាប់រថយន្តអឺរ៉ុប និងរថយន្តលំដាប់ពិភពលោកជាច្រើន ផ្សេងៗទៀត ហើយវត្តមានរបស់ Volkswagen នឹងផ្ដល់នូវជម្រើសកាន់តែប្រសើរ និងសម្បូរបែបថែមទៀត ដល់ប្រជាជនកម្ពុជា»

ក្រុមហ៊ុន HGB Group Co. LTD., និងក្លាយជាអ្នកចែកចាយតែមួយគត់ ដល់អ្នកជាវផលិផលរថយន្ដម៉ាក Volkswagen និងរថយន្ដពាណិជ្ជកម្មដ៏ទៃទៀត ដែលមានទីតាំងបង្ហាញដោយ ក្រុមហ៊ុន Volkswagen ក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ ហើយក្រុមហ៊ុន HGB Group Co. LTD., បានបង្កើតនូវអគារតាំងបង្ហាញដ៏ទាន់សម័យជាមួយបច្ចេកវិជ្ជាថ្មីនៃ៣S អគារដែលបំពាក់ដោយសម្ភារៈថ្មីទំនើប និងផ្ដោតខ្លាំងទៅលើសេវាកម្មផ្នែករថយន្ដ ជាមួយការតាំងចិត្តដ៏មុតមាំរបស់ HGB Group និង Volkswagen ក្នុងការនាំមកនូវតម្រូវការជាទីគាប់ចិត្ត​ជូនដល់អតិថិជន។ នេះជាការកត់សម្គាល់យ៉ាងសំខាន់មួយ សម្រាប់ Volkswagen និងក្រុមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុនមានជំនឿចិត្តចំពោះសេដ្ឋកិច្ចក្នុងស្រុក និងភាពជោគជ័យ ដែលពយកគេអាចទទួលបានជាមួយការគាំទ្រយ៉ាងខ្លាំងក្លាពី Volkswagen ៕