(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានទៅសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាង៥ឆ្នាំ រវាងភាគី(ក) សាន់ សុខ និងភាគី(ខ) ដាង ភឿន លើផ្ទៃដី១០,២ហិកតា ក្នុងស្រុកភ្នំក្រវាញដោយ «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។

ក្នុងដំណើរចុះមកដោះស្រាយទំនាស់ដីធ្លីនាពេលនេះ ត្រូវបានធ្វើឡើងនៅទីតាំង​ដីទំនាស់ផ្ទាល់ ដែលស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ចេង ឡៃ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ម៉ៅ ធនិន បានថ្លែងទៅកាន់ភាគីដែលពាក់ព័ន្ធថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា តម្រូវឲ្យភាគីទាំងសង​ខាងបើកចិត្តឲ្យ​ទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក លោកនឹងធ្វើការដោះស្រាយជូន។ លោកថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព បងប្អូនគឺមានជារៀងរហូត»។  លោកអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីនេះ គឺកើតមានជាង៥ឆ្នាំមកហើយ ក្រោយបទបញ្ជា០១មកម្ល៉េះ ដូច្នេះបើបងប្អូន​ស្រុះស្រួលគ្នាហើយនោះ លោកនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ព្រមទាំងចាត់ឲ្យមន្ទីរជំនាញ រៀបចំប្លង់កម្មសិទ្ធិជូនឲ្យបានឆាប់រហ័ស។

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត ក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន ខាងលើនេះ បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ ដោយភាគី(ក) សាន់ សុខ ទទួលបានដី ៦,៨ហិកតា និងភាគី(ខ) ដាង ភឿន ទទួលបានដី ៣,៥ហិកតា៕