(ប៉េកាំង)៖ យន្តហោះខ្នាតតូចមួយ ដែលគេប្រើប្រាស់ដើម្បីសម្តែងនៅក្នុងកម្មវិធីបុណ្យ និងការហោះហើរសម្តែង Show មួយ នៅទីក្រុង Shijiazhuang របស់ខេត្ត Hebei ភាគខាងជើងប្រទេសចិន បានសម្លាប់មនុស្សដែលជិះនៅលើនោះទាំងអស់ ០៤នាក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

យន្តហោះខាងលើនេះមានលេខសម្គាល់ LE-500 ជិះបានមនុស្ស ០៥នាក់ និងត្រូវបានផលិតដោយ ក្រុមហ៊ុន AVIC របស់ចិន។ ពីឡុតម្នាក់ និងអ្នកដំណើរបីនាក់ដែលជួលយន្តហោះនោះ បានស្លាប់ទាំងអស់ នៅពេលយន្តហោះធ្លាក់នាវេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា យន្តហោះខាងលើនេះពេលកំពុងហោះសុខៗ ស្រាប់តែដាំក្បាលចុះមកផ្ទប់នឹងដី បណ្តាលឲ្យផ្ទុះឆេះ និង បង្កជាផ្សែងខ្មៅហុយខ្មួលខ្មាញ់។

គួរបញ្ជាក់ថា កម្មវិធីខាងលើនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនេះយន្តហោះ ១៥០គ្រឿង ត្រូវបានគេបញ្ជូនមកចូលរួម ធ្វើការបង្អួតពីជំនាញហោះហើរ និងការតុបតែងយន្តហោះ អមដោយការ ប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយទៀតផង។ ប៉ុន្តែពេលនេះវាបានក្លាយជាទុក្ខហើយ ខណៈមូលហេតុ នៃការធ្លាក់ស្ថិតនៅក្នុងការស៊ើបអង្កេត៕