(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើដល់បណ្តាអង្គការដៃគូរនានា រួមសហការគ្នា ដើម្បីបង្កើតមណ្ឌលស្តារនីតិសម្បទា សម្រាប់អនីតិជន ក្រោយពីច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានអនុម័តជាផ្លូវការ ។

លោក វង សូត បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធនានា និងការអនុវត្តន៍ច្បាប់ស្តីពីយុត្តិធម៌អនីតិជន នៅទីស្តីការក្រសួង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា ក្រោយពីច្បាប់​ស្តីពីអនីតិជនត្រូវបានអនុម័តជាផ្លូវការ ក្រសួងបានរៀបចំនូវយន្តការ និងលិខិតបទដ្ឋាន មួយចំនួន ដើម្បីជំរុញការអនុវត្តន៍ច្បាប់នេះឲ្យមានប្រសិទ្ធភាព ទន្ទឹមគ្នានេះដែរ ក្រសួងក៏មាន​គម្រោង​បង្កើតមណ្ឌល ស្តារនីតិសម្បទា ដើម្បីជួយទៅដល់អនីតិជនផងដែរ ។

លោករដ្ឋមន្រ្តី បានបន្តថា នាពេលកន្លងទៅនេះ លោកបានជួបសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចពិភាក្សានៃការបង្កើតមណ្ឌលស្តារនីតិសម្បទានេះឡើង ក្នុងនោះសម្តេច​ក្រឡាហោម បានគាំទ្រយ៉ាងពេញទំហឹង នៅក្នុងការបង្កើតមណ្ឌលនេះឡើង ដោយធ្វើយ៉ាងណាពង្រីកវិសាលភាពឲ្យបានទូលាយ ដើម្បីបែងចែក បងប្អូនដែលកំពុងរស់នៅមណ្ឌលជាមួយគ្នា ទៅតាមផ្នែកនីមួយៗឲ្យបានច្បាប់លាស់ផងដែរ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក វង សូត ក៏បានថ្លែងនូវការស្នើសុំដល់អង្គការបណ្តាដៃគូ ជួយជ្រោមជ្រែងនៅ ក្នុងកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់ រួមជាមួយគម្រោងបង្កើតមណ្ឌល​ស្តារនីតិ​សម្បទាសម្រាប់ជួយដល់អនីតិជននេះ ប្រកបដោយប្រសិទ្ធភាពនៅក្នុងការទទួលខុសត្រូវខ្ពស់។

ទាក់ទិននឹងបញ្ហានេះ លោកស្រី Elizabeth Pearce នាយិកាអង្គការ Save the Children  ជាតំណាងអង្គការ ដៃគូរទាំងអស់ បានថ្លែងលើកឡើងថា ដោយមានការគ្រាំទ្រពីអង្គការដៃគូទាំងនេះ នៅក្នុងឆ្នាំ២០១៤ក្រុមមន្រ្តីជំនាញ បានរៀបចំពីអនុក្រឹត្យ និងក្រមសីលធម៌ ព្រមទាំងបានបញ្ជូនឯកសារទាំងនេះទៅក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីនៅឆ្នាំ២០១៥ ដោយក្នុងអនុក្រិត្យនេះ គឺបានផ្តោត​យ៉ាងសំខាន់ផងដែរ លើកិច្ចការការពារកុមារ នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងបទដ្ឋានកិច្ចការពារកុមារជាអប្បរមា ។

ដើម្បីជំរុញការងារនេះឲ្យមានប្រសិទ្ធភាព លោកស្រី Elizabeth Pearce ក៏បានសំណូមពរជាបៀបវារៈមួយចំនួន ក្នុងការអនុវត្តន៍ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងផែនការអនុវត្តន៍​ច្បាប់នេះឲ្យ​មានប្រសិទ្ធភាពផងដែរ រួមជាមួយ កិច្ចពិគ្រោះយោបល់ ស្តីពីប្រព័ន្ធកិច្ចការពារថ្នាក់ជាតិ ដោយស្នើសុំឲ្យមានកិច្ចប្រជុំជារៀងរាល់ខែ ឬជារៀងរាល់ត្រីមាស ជាមួយនាយកប្រចាំប្រទេសទាំងអស់ ដើម្បីស្វែងរកចំនុចគន្លឹះសម្រាប់ការអភិវឌ្ឍន៍៕