(អាមេរិក)៖ ថ្ងៃនេះត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦ គឺជាពេលដែលក្រុមហ៊ុន Apple នឹងដាក់លក់ទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគឺ iPhone 7 និង iPhone 7 Plus ជាផ្លូវការនៅតាមបណ្តាប្រទេសចំនួន២៩រួមមាន៖ Australia, Austria, Belgium, Canada, China, Denmark, Finland, France, Germany, Hong Kong, Ireland, Italy, Japan, Luxembourg, Mexico, Netherlands, New Zealand, Norway, Portugal, Puerto Rico, Singapore, Spain, Sweden, Switzerland, Taiwan, UAE, the UK, និង USA។

ប៉ុន្តែមានតែ iPhone 7 ចំនួនបួនពណ៌ប៉ុណ្ណោះ (Silver, Gold, Rose Gold, និង Black) ដែលនឹងធ្វើការដាក់តាំងលក់ផ្ទាល់នៅតាមបណ្តាហាងរបស់ Apple ដោយសារតែ iPhone 7 Plus និង iPhone 7 ពណ៌ Jet Black ត្រូវបានអតិថិជនធ្វើការបញ្ជាទិញមុនអស់ពីស្តុករលីង។ នេះបើតាមការផ្សាយរបស់ សារព័ត៌មាន Telegraph នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ការបញ្ជាទិញមុនលើទូរស័ព្ទ iPhone 7 និង iPhone 7 Plus បានធ្វើឡើងចាប់ពីថ្ងៃទី០៩ ខែកញ្ញាចុងសប្តាហ៍មុន ហើយទូរស័ព្ទ iPhone 7 Plus ទាំងប្រាំពណ៌និង iPhone 7 Jet Black ដែលជាពណ៌ថ្មី ត្រូវបានលក់ដាច់អស់ពីស្តុក នៅមុនថ្ងៃបង្ហាញខ្លួនជាផ្លូវការបានមកដល់។ ទោះជាយ៉ាងណាក៏ដោយ អតិថិជននៅតែអាចធ្វើការជាវទូរសព្ទ iPhone 7 ដែលនៅសល់បួនពណ៌ទៀតនៅនឹងហាងផ្ទាល់ ឬដាក់ការបញ្ជាទិញនូវម៉ូដែល ដែលត្រូវបានលក់អស់ក៏បាន ដោយត្រូវការរង់ចាំរយៈពេលយូរបន្តិចតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple នឹងដាក់លក់ iPhone 7 និង iPhone 7 Plus នៅប្រទេសមួយចំនួនបន្ថែមទៀតរួមមាន៖ Andorra, Bahrain, Bosnia-Herzegovina, Bulgaria, Croatia, Cyprus, Czech Republic, Estonia, Greece, Greenland, Guernsey, Hungary, Iceland, Isle of Man, Jersey, Kosovo, Kuwait, Latvia, Liechtenstein, Lithuania, Maldives, Malta, Monaco, Poland, Qatar, Romania, Russia, Saudi Arabia, Slovakia, Slovenia នៅថ្ងៃទី២៣ ខែកញ្ញាចុងសប្តាហ៍ក្រោយ និងនៅ India នៅថ្ងៃទី០៧ ខែតុលា៕