(ព្រះសីហនុ)៖ ដើម្បីចូលរួមទប់ស្កាត់ហេតុការណ៍លង់ទឹកសមុទ្រ ដែលធ្លាប់កើតមានឡើងជាបន្តបន្ទាប់ រហូតបណ្តាលឲ្យមានស្លាប់ នៅតំបន់ឆ្នេរ នាខេត្តព្រះសីហនុ ដូចកាលពីពេលកន្លងទៅនោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត រយៈពេល២ថ្ងៃនេះ បានបើកវគ្គហ្វឹកហាត់ ហ្វឹកហ្វឺន ដល់កម្លាំងនគរបាលជំនាញ លើការអនុវត្តជាក់ស្តែង ដើម្បីត្រៀមចូលរួមជួយ សង្គ្រោះប្រជាពលរដ្ឋ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត ហើយលង់ទឹកសមុទ្រនោះ។

វគ្គហ្វឹកហ្វឺននេះត្រូវបានធ្វើឡើង ដោយមានកិច្ចសហការរវាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុដោយបានដាក់ចេញនូវផែនការ និងកម្លាំងការពារបន្ថែម ដើម្បីឈរជើងចាំជួយសង្រ្គោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលទៅលេងកម្សាន្ដនៅតាមតំបន់ឆ្នេរសមុទ្រ ក្នុងករណីជួបហេតុការណ៍ណា។

លោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា «យុទ្ធសាស្រ្តថ្មីនេះ ត្រូវស្ដែងឱ្យឃើញក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសង្រ្កោះបឋម ជូនដល់មន្រ្តីរាជការ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ដែលមានការចូលរួម ពីថ្នាក់ដឹកនាំស្នងការនគរបាលខេត្តព្រះសីហនុ និងសិក្ខាកាមសរុប ៣៣នាក់ មានមន្រ្តីការិយាល័យនគរបាលទេសចរណ៍, ការិយាល័យចរាចរណ៍ផ្លូវទឹក និងបណ្តាញរបស់នគរបាល ជាអ្នកស្មគ្រ័ចិត្តការពារសន្តិសុខសុវត្ថិភាពទេសចរ មានក្រុមម៉ូតូទឹក, ក្រុមអាជីវករតាមឆ្នេរ, ឆ្មាំសមុទ្រ, ក្រុមអ្នករត់ម៉ូតូឌុប, រ៉ឺម៉ក់កង់៣តាមឆ្នេរ»

បើតាមលោកស្នងការរង ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមអាចអនុវត្តការធ្វើតេស្ត សង្រ្កោះបឋមជោគជ័យ បានចំនួន២៨នាក់ (ធ្លាក់៥នាក់)។ ការសិក្សាវគ្គសង្គ្រោះបឋមនេះ មានមេរៀន និងការអនុវត្តច្បាស់លាស់ ព្រោះថាបើការសង្គ្រោះមិនច្បាស់លាស់នោះ នំឱ្យបង្កបញ្ហាដល់ជនរងគ្រោះ វិញហើយការសង្រ្គោះបឋមនេះ មិនសំដៅជួយតែអ្នកលង់ទឹកនៅតាមឆ្នេរទេ តែក៏អាចជួយសង្ក្រោះដល់អ្នកជួបគ្រោះថ្នាក់ចរាចរ, ខ្សល់គរ គាំបេះដូង ស្លាក់ជាដើម។

លោកបានបញ្ជាក់ទៀតថា «នេះជាការអនុវត្តផែនការមួយជំហានទៀត របស់ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ទាប់ពីបានដាក់កម្លាំងប្រចាំការ មាននគរបាលទេសចរណ៍ និងនគរបាលចរាចរផ្លូវទឹកនៅឆ្នេរ រួមទាំងនគរបាលពេទ្យ នៃការិយាល័យសុខាភិបាល ព្រមជាមួយមធ្យោបាយសម្ភារៈមួយចំនួន មានម៉ូតូទឹក, អូប័រ និងរថយន្តសង្រោ្កះបន្ទាន់។ កិច្ចខិតខំយកចិត្តទុកដាក់នេះ ដើម្បីធានា បង្ការ និងអន្តរាគមន៍សង្គ្រោះ ឱ្យមានប្រសិទ្ធភាព កាត់បន្ថយ និងលប់បំបាត់គ្រោះថ្នាក់នៅតាមឆ្នេរ»

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ពិសេសភ្ញៀវទេសចរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីសុវត្តិភាពសមាជិកគ្រួសារ និងផ្ទាល់ខ្លួន ក្នុងពេលចុះលេងទឹក ព្រោះមួយរយៈពេលកន្លងទៅ មានករណីលង់ទឹកច្រើន ដែលសុទ្ធតែកើតពីការធ្វេសប្រហែស ក្នុងពេលខ្សល់ ទឹករលកខ្លាំង ព្រមទាំងបានចុះលេងទឹកជ្រៅ ដោយមិនពាក់អាវពោងសុវត្តិភាព៕